ស្នូកឃ័រ៖ កីឡាករស្នូកឃ័រជើងចាស់ Mark Williams បានបង្ហាញខ្លួនស្នាដៃដ៏អស្ចារ្យរបស់ខ្លួនមិនស្រុតចុះទៅតាមវ័យ ក្រោយយកឈ្នះកីឡាករវ័យក្មេងចិនអ្នកការពារតំណែងជើងឯក Yan Bingtao ៦-៤ ហ្វ្រេមជុំទី១ ការប្រកួតពានរង្វាន់ The Masters។

កីឡាករវ័យ ២១ឆ្នាំ Yan Bingtao ចាប់ផ្តើមបានល្អបាននាំមុខមុន ៣-១ហ្វ្រេម។ យ៉ាងណាក្តីកីឡាករវ័យ ៤៦ឆ្នាំ Mark Williams បានវាយបកមកវិញដោយវាយមួយឈើលើសពី ១០០ពិន្ទុ ៤ហ្វ្រេមផ្ទួនៗយកឈ្នះ Yan Bingtao ៦-៤ហ្វ្រេម។ កីឡាករសញ្ជាតិវែល Mark Williams នឹងបន្តឡើងវគ្គ ៨នាក់ចុងក្រោយដោយត្រូវជួបជាមួយកីឡាករស្កុតឡេន John Higgins រឺកីឡាករចិន Zhao Xintong។ ចំណែកមួយគូទៀតម្សិលមិញផងដែរកីឡាករអូស្ត្រាលី Neil Robertson បានយកឈ្នះកីឡាករស្កុតឡេន Anthony McGill ៦-៣ ហ្វ្រេម។ កីឡាករវ័យ ៣៩ឆ្នាំអូស្ត្រាលីរូបនេះចាប់ផ្តើមហាក់តានតឹងបន្ទាប់ពីស្មើគ្នា ២-២ហ្វ្រេមមុនពេលយកឈ្នះ ៦-៣ហ្វ្រេមនេះ។ វគ្គ ៨នាក់ចុងក្រោយ Neil Robertson នឹងត្រូវជួបជាមួយកីឡាករជើងឯកពិភពលោក ៧សម័យ Ronnie O’Sullivan រឺ Jack Lisowski៕
អត្ថបទ៖នាង សុភាវុធ