ភ្នំពេញ៖ តបតាមសំណើរ សប្បុរជនតាមរយៈសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្រគល់អំណោយមួយចំនួននិងសម្ភារៈសិក្សា ជូនដល់សាលាបឋមសិក្សាស្ថាពរ ស្ថិតនៅក្រុង/ខេត្តព្រះវិហារ ដើម្បីជាប្រយោជន៍រួមក្នុងការប្រើប្រាស់ការងារក្នុងវិស័យអប់រំ។
លោក សំបួរ សុខឃាង នាយកសាលាបឋមសិក្សាស្ថាពរ ស្ថិតនៅក្រុង/ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា នេះជាលើកទី២ ដែលសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានផ្តល់ឱ្យ ដោយសារតែឃើញទុក្ខលំបាករបស់សាលា ក៏ដូចជាការខ្វះខាតរបស់សិស្សានុសិស្ស។ លោកបានបន្តថា អំណោយលើកទី២នេះ រួមមាន៖ កុំព្យូរទ័រចំនួន២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង សឡា២០គ្រឿង សម្ភារៈសិក្សា និងថវិកាមួយចំនួន សម្រាប់យកទៅប្រើប្រាស់ក្នុងសាលាទាំងមូល។
លោកនាយក បានលើកឡើងថា អំណោយទាំងនេះ ពិតជាមានសារៈសំខាន់ និងរួមចំណែកយ៉ាងធំធេង សម្រាប់យកទៅប្រើប្រាស់នៅក្នុងសាលារៀន និងអាចធ្វើរបាយការណ៍កាន់តែងាយ ឆាប់រហ័សជូនដល់ក្រសួង ជាពិសេសលោកគ្រូ អ្នកគ្រូ អាចប្រើប្រាស់បានទាំងអស់គ្នាដើម្បីជំរុញដល់សាលាកាន់តែរីកចម្រើន។ ដោយឡែក សឡាវិញ នឹងជួយឱ្យសាលាកាន់តែមានភាពស្រស់បំព្រង មានពណ៍បៃតង និងធ្វើកុមារមានទឹកចិត្តក្នុងការសិក្សារៀនសូត្រកាន់តែច្រើនជាងមុនផងដែរ។
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បង្កើតឡើងមានគោលបំណងក្នុងការប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជាជាអតិបរមា រួមចំណែកចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សមាគមនេះ ក្រៅពីការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវបរទេសចូលមកកម្ពុជា ក៏បានកៀរគរសប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមក្នុងការងារមនុស្សធម៌ និងសប្បុរសធម៌ផងដែរ មានដូចជា ការឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរ ការផ្តល់សម្ភារៈបរិក្ខាពេទ្យ និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន ដើម្បីពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាដើម៕





