ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា នៅស្អែកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយនៅប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងភាគីចិន។ ដោយកិច្ចប្រជុំនេះគឺមានគោលបំណងដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយរវាងកងទ័ពកម្ពុជា និងថៃ ក្រោយមានការផ្តួចផ្តើមដោយឯកឧត្តមដូ ណាត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា«ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន»។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ(កម្ពុជា និងថៃ) បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។
តាមរយៈសារខ្លីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះផងដែរ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ហើយបន្ទាប់មកជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្របសម្រួលឲ្យប្រទេសទាំងពីរ(កម្ពុជា-ថៃ)មានបទឈប់បាញ់មួយជាបន្ទាន់៕
អត្ថបទ ៖ បាន ចក់
