សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រធានសភា ជាស្រ្តីមកពី៣០ប្រទេស បានផ្តើមជួបជុំគ្នា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងក្របខ័ណ្ឌកិចហចប្រជុំ កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥។
នៅល្ងាចថ្ងៃទី ២៧ ខែក្កដាឆ្នាំ២០២៥ លោកជំទាវ Maja Riniker ប្រធានរដ្ឋសភាប្រទេសស្វីស បានរៀបចំលៀងសាយភោជន៍ជូនគណៈប្រតិភូទំាងអស់ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នៅសណ្ឋាគារ Four Seasons Hotel Des Bergues ប្រកបដោយភាពរាក់ទាក់និងកក់ក្តៅជាទីបំផុត។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជួបសន្ទនាក្រៅផ្លូវការជាមួយប្រធានសភានានាដែលបានអញ្ជើញចូលរួម ក្នុងការពង្រឹងចំណងការទូតនិងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាណាចក្រកម្ពុជា ជាមួយ បណ្តាប្រទេសជាមិត្ត ក្នុងការទាញយកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ទំាងវិស័យការទូតសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍ជាដើម ក៏ដូចជាការជម្រាបជូនបណ្តាប្រទេសជាមិត្តពីសភាពការណ៍ពិតនៅកម្ពុជា ផងដែរ។
អញ្ជើញអមដំណើរ សម្តេចប្រធានរដ្ឋសភាក្នុងពិធីលៀងសាយភោជន៍នេះមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា។
សូមជម្រាបថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ នឹងធ្វើពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ក្រោមប្រធានបទ «ការដឹកនាំសម្រាប់សន្តិភាពរួម និងយូរអង្វែង» ។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ចំនួន ២ លើក។ លើកទី១ក្នុងសម័យប្រជុំលើកទី១ ស្តីពី “របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខក្រោយរយៈពេល២៥ ឆ្នាំៈ បញ្ហាប្រឈមកំពុងកើតមាន និងមាគ៌ាឆ្ពោះទៅអនាគត” និង លើកទី២ ក្នុងសម័យប្រជុំលើកទី២ ក្រោមប្រធានបទ «បញ្ហាប្រឈមកំពុងកើតឡើងចំពោះសន្តិភាពរួម និងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ» ។
ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ហើយ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តចូលរួមសន្និសីទប្រធានសភាពិភពលោកលើកទី៦ ទៀត។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាសរុបប្រមាណជាង ១០០ ប្រទេស។ សម្តេចរដ្ឋសភាធិបតី ប្រធានគណៈប្រតិភូសភាកម្ពុជា នឹងអញ្ជើញថ្លែងចំណាប់អារម្មណ៍លើកិច្ចពិភាក្សាទូទៅក្រោមមូលបទស្តីពី «ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា» ទៀតផង៕