អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានអះអាងថា ទាហានឈ្លានពានថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងគឃ្លើនបំផុតប្រៀបបានដូចជាភ្លៀងរលឹម បើទោះបីថ្ងៃនេះមានការកំណត់នូវកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ក្នុងកម្រិតប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃ ដើម្បីកំណត់ឲ្យមានបទឈប់បាញ់ក៏ដោយនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់ថៃមកលើកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ទាហានឈ្លានពានរបស់ថៃ បានបាញ់គ្រាប់បែកផ្សែងពីលើយន្តហោះ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់អានសេះ និងកន្លែងផ្សេងៗទៀត និងបានបន្តទម្លាក់គ្រាប់បែកចង្កោម បាញ់អាវុធធុនធ្ងន់ដូចជាភ្លៀងរលឹមមកដល់ទាហានកម្ពុជា និងប៉ុនប៉ងវាយកាន់កាប់វត្តកែវសិក្ខាគិរីស្វារៈ ប៉ុន្តែត្រូវបានបរាជ័យ ដោយទាហានក្លាហានកម្ពុជាវាយបកទៅវិញយ៉ាងចាស់ដៃនោះ។
លោកជំទាវ ម៉ាលី សុជាតា ក៏បានបញ្ជាក់ផងដែរថា ទាហានឈ្លានពានរបស់ថៃ បានធ្វើការវាយប្រហារដល់ដែនអធិបតេយ្យកម្ពុជាកាន់តែធំ និងកាន់តែខ្លាំងឡើង ដោយគ្នានខ្លាចរអានឹងច្បាប់អន្តរជាតិនោះឡើយ ហើយការឈ្លានពានរបស់ថៃនេះ បានបណ្តាលប្រជាជនស្លូតត្រង់របស់កម្ពុជាជាង១៣ម៉ឺននាក់រត់ភៀសសឹក សាលារៀនជាង៦០០ត្រូវបានបិទទ្វា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ភូមិដ្ឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានរងគ្រោះ និងថែមទាំងបានប៉ះពាល់ដល់សម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ ជាពិសេសប្រាសាទព្រះវិហារតែម្តង៕អត្ថបទបានចក់
