កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៣នាក់នៅទូទាំងតំបន់ហ្កាហ្សា ប៉ុន្មានម៉ោងបន្ទាប់ពីយោធាបានប្រកាសថាខ្លួនចាប់ផ្តើម «ផ្អាក» ការវាយប្រហាររយៈពេល១០ម៉ោងជារៀងរាល់ថ្ងៃនៅក្នុងតំបន់មួយចំនួនដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់។

កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងផ្អាកសកម្មភាពយោធាជាបណ្តោះអាសន្នរៀងរាល់ថ្ងៃចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៨យប់ម៉ោងក្នុងស្រុក នៅក្នុងផ្នែកមួយចំនួននៅភាគកណ្តាល និងភាគខាងជើងតំបន់ហ្កាហ្សា រួមមានក្រុង al-Mawasi ក្រុងDeir el-Balah និងទីក្រុងហ្កាហ្សា។ កងទ័ពក៏បានសន្យាថានឹងបើកច្រករបៀងជំនួយដែលបានកំណត់សម្រាប់ក្បួនរថយន្តដឹកជំនួយអាហារ និងវេជ្ជសាស្រ្ដនៅចន្លោះម៉ោង៦ព្រឹកដល់ម៉ោង១១យប់។

ប៉ុន្តែប៉ុន្មានម៉ោងចូលដល់ថ្ងៃដំបូងនៃ «ការផ្អាកផ្នែកមនុស្សធម៌»នេះ ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល បានបន្ត។ អ្នកសារព័ត៌មាន Al Jazeera បានរាយការណ៍ពីក្រុង Deir el-Balah ថា «មានការវាយប្រហារតាមអាកាសលើទីក្រុងហ្កហ្សា ហើយនេះគឺជាតំបន់មួយដែលត្រូវបានគេកំណត់ថាជាតំបន់សុវត្ថិភាព និងជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន»។
យោងតាមពលរដ្ឋប៉ាឡេស្ទីននៅតំបន់នោះបានឲ្យដឹងថា ហាងនំប៉័ងមួយកន្លែងត្រូវបានកំណត់គោលដៅ។ ការទម្លាក់គ្រាប់បែកនេះបានកើតឡើងនៅពេលដែលមានការតវ៉ាជាសកលកាន់តែខ្លាំងឡើងចំពោះមហន្តរាយមនុស្សធម៌កាន់តែអាក្រក់នៅក្នុងតំបន់ហ្កាហ្សាបង្កឡើងដោយអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបានរាយការណ៍ថាពលរដ្ឋប៉ាឡេស្ទីន៦នាក់ទៀត រួមទាំងកុមារពីរនាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងការស្រេកឃ្លានក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជំរុញឱ្យចំនួនអ្នកស្លាប់ដោយអត់អាហារឡើងដល់១៣៣នាក់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។