ភ្នំពេញ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានចាប់ផ្តើមចែកជូនម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារ និងតាមច្រកនីមួយៗ ដើម្បីបន្តរឹតបន្តឹងវិធានសុខភិបាល និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
លោក ហ័ត វ៉ានធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចែកម៉ាសចំនួន ៥០០០ម៉ាស ដល់គណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យគណៈកម្មការផ្សារបន្តចែកជូនដល់បងប្អូនអាជីវករ និងបងប្អូនមកចេញចូលផ្សារពុំបានពាក់ម៉ាសត្រឹមត្រូវ ធ្វើការណែនាំអប់រំ បន្ថែមពីវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ចាប់ខ្ជួន។
ការងារនេះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ឱ្យពង្រឹងវិធានការទប់ស្កាត់កូវវីដ-១៩ ខណៈមេរោគបំប្លែងថ្មីកំពុងរាត្បាត។
សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈវីដេអូ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ប្រភេទ អូមីក្រុង បាននិងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដូសជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ កុម្ភះ





