ការប្រយុទ្ធគ្នាដោយកាំភ្លើង បានផ្ទុះឡើងនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ រវាងគរបាល និងក្រុមយុទ្ធជនមកពីកងកម្លាំងប៉ារ៉ាយោធា ដែលដាក់ទណ្ឌកម្មដោយរដ្ឋ ដែលរួមមានក្រុមគាំទ្រដោយ អ៊ីរ៉ង់ ដោយបានសម្លាប់មន្ត្រីនគរបាលយ៉ាងហោចណាស់ម្នាក់ និងនាំទៅដល់ការចាប់ខ្លួនអ្នកប្រយុទ្ធចំនួន ១៤នាក់។

ក្រសួងមហាផ្ទៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចគ្នានេះ បានផ្ទុះឡើង នៅក្នុងសង្កាត់ Karkh នៃទីក្រុងបាកដាដ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធមកពីកងកម្លាំងប្រដាប់អាវុធប្រជាប្រិយ (PMF) បានសម្រុកចូលអគារក្រសួងកសិកម្ម ខណៈដែលប្រធានការិយាល័យថ្មី កំពុងស្បថចូលកាន់តំណែង។

កងកម្លាំងប្រដាប់អាវុធប្រជាប្រិយ (PMF) ដែលគេស្គាល់ជាភាសាអារ៉ាប់ថា Hashd Al-Shaabi គឺជាក្រុមឆ័ត្រមួយនៃក្រុមយោធាប៉ារ៉ានិកាយស៊ីអ៊ីតភាគច្រើន ដែលត្រូវបានរួមបញ្ចូលជាផ្លូវការ នៅក្នុងកងកម្លាំងសន្តិសុខរដ្ឋរបស់ប្រទេសអ៊ីរ៉ាក់ និងរួមបញ្ចូលក្រុមជាច្រើនដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។
យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រជាប្រិយ បានសម្រុកចូលទៅក្នុងអគារក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋបាល ដែលបង្កឲ្យមានការភ័យស្លន់ស្លោ ក្នុងចំណោមបុគ្គលិក ដែលបានជូនដំណឹងដល់នគរបាល។
ប្រភពសន្តិសុខ និងបុគ្គលិកបីនាក់នៅកន្លែងកើតហេតុ បាននិយាយថា យុទ្ធជនចង់រារាំងអតីតប្រធានការិយាល័យនេះ មិនឲ្យគេជំនួសតំណែងរបស់លោក។