រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បានរិះគន់គោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីថា ជាមហន្តរាយសម្រាប់សេដ្ឋកិច្ចអឺរ៉ុប។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Les Echosថា៖«គោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី គឺជាការបរាជ័យទាំងស្រុង។ ការដាក់ទណ្ឌកម្មនេះ បានធ្វើឲ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបច្រើនជាងរុស្ស៊ី។ យើងត្រូវកែតម្រូវវាឲ្យបានឆាប់ តាមដែលអាចធ្វើទៅ បាន»។

នៅពេលត្រូវបានស្នើឲ្យធ្វើអត្ថាធិប្បាយអំពីការគាំទ្ររបស់ហុងគ្រីសម្រាប់កញ្ចប់ទី ១៨ នៃទណ្ឌកម្មប្រឆាំងរុស្ស៊ី និងការកសាងបំពង់បង្ហូរប្រេងរុស្ស៊ីរវាងហុងគ្រី និងស៊ែរប៊ី លោកបានគូសបញ្ជាក់ថា ទីក្រុងប៊ុយដាប៉ៃស( Budapest) «មិនដែលចាត់ទុកថាមពល ជាបញ្ហានយោបាយ ឬជាបញ្ហាមនោគមន៍វិជ្ជាទេ។ នៅក្នុងការលើកឡើងរបស់លោក គោលនយោបាយថាមពលរបស់សហភាពអឺរ៉ុប បានដកហូតសហគមន៍នូវការប្រកួតប្រជែងរបស់ខ្លួន និងនាំឲ្យមានការដំឡើងតម្លៃ ខណៈដែលហុងគ្រី បន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី និងចាត់ទុកប្រទេសនេះ ជាដៃគូដែលអាចទុកចិត្តបាន។
លោកបានពន្យល់ថា៖«ប្រសិនបើយើងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឧស្ម័ន ឬប្រេងរបស់រុស្ស៊ីទេ សន្តិសុខថាមពលរបស់ប្រទេសនេះ នឹងមានគ្រោះថ្នាក់» ដោយបន្ថែមថា ជនជាតិហុងគ្រី «ចង់បន្តកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងរុស្ស៊ី»។