នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលប្តេជ្ញាធ្វើយ៉ាងណាឲ្យសម្រេចបាននូវគោលដៅទាំងអស់របស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប និងកម្ចាត់ក្រុមហាម៉ាសឲ្យអស់។
លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ខណៈពេលចុះទៅពិនិត្យមើលមូលដ្ឋានទ័ពអាកាស Ramon នៅវាលខ្សាច់ Negev ថា៖«យើងនឹងបន្តប្រយុទ្ធ យើងនឹងបន្តធ្វើសកម្មភាព រហូតដល់យើងសម្រេចបាននូវគោលដៅសង្រ្គាមរបស់យើងទាំងអស់ រហូតដល់ទទួលបានជ័យជម្នះពេញលេញ»។ «យើងនឹងកម្ទេច ក្រុមហាម៉ាស»។

លោកបាននិយាយថា៖«ដើម្បីសម្រេចគោលដៅនេះ (កម្ចាត់ក្រុមហាម៉ាសឲ្យអស់) និងការដោះលែងចំណាប់ថ្នូររបស់យើងផងដែរ យើងកំពុងធ្វើឲ្យមានវឌ្ឍនភាពក្នុងការប្រយុទ្ធ និងការចរចា»។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«នៅក្នុងផ្លូវណាមួយដែលយើងជ្រើសរើស យើងនឹងត្រូវតែបន្តអនុញ្ញាតឲ្យមានការផ្គត់ផ្គង់មនុស្សធម៌តិចតួចបំផុត [ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប]។ យើងបានធ្វើបែបនេះរហូតមកដល់ពេលនេះ» ដោយបានបន្ថែមថា អង្គការសហប្រជាជាតិ កំពុងនិយាយភូតកុហកអំពីអ៊ីស្រាអែល ដោយនិយាយថា ប្រទេសនេះ មិនអនុញ្ញាតឲ្យការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្កាហ្សា។ លោកបានសង្កត់ធ្ងន់ថា«ជំនួយមនុស្សធម៌ ត្រូវបានអនុញ្ញាតឲ្យចូល។ ក្បួនរថយន្តជំនួយមនុស្សធម៌ជាច្រើន ត្រូវធានាឲ្យចូលទៅក្នុងតំបន់នេះ»។
