រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick បាននិយាយបញ្ជាក់កាលពីថ្ងៃអាទិត្យ (២៧ កក្កដា) ថា កាលបរិច្ឆេទកំណត់ចូលជាធរមាននៃពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី០១ ខែសីហា សម្រាប់របាំងពាណិជ្ជកម្មលើដៃគូរបស់ខ្លួន មានភាពជាក់ច្បាស់ណាស់ ហើយនឹងពុំមានការបន្ថែមពេលទៀតនោះទេ។
លោក Lutnick បានប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យថា "ពុំមានការពន្យារពេល ឬរយៈពេលអនុគ្រោះទៀតទេ។ ថ្ងៃទី០១ ខែសីហា តទៅ ការដំឡើងពន្ធត្រូវបានកំណត់ឱ្យចូលជាធរមាន ហើយខាងគយនឹងចាប់ផ្តើមប្រមូលប្រាក់ពន្ធ"។

លោក Lutnick បន្តថា បន្ទាប់ពីការដំឡើងពន្ធនេះចាប់ផ្តើម លោកប្រធានាធិបតីអាមេរិក Donald Trump — ដែលទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយមន្ត្រីសហភាពអឺរ៉ុប — នៅតែមានឆន្ទៈបន្តកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយដៃគូនានាដែលមិនទាន់សម្រេចកិច្ចព្រមព្រៀង។
លោក Trump កាលពីថ្ងៃទី០៨ ខែកក្កដា បានបញ្ជាក់ច្បាស់ៗរួចមកហើយថានឹងពុំមាន "ការពន្យាពេល" បន្ថែមទៀតឡើយនៅក្នុងថ្ងៃផុតកំណត់យកពន្ធថ្មីទី០១ ខែសីហា ខាងមុខ ដោយជំរុញដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ពន្លឿនការចរចាកិច្ចព្រមព្រៀងថ្មី បើពុំនោះទេត្រូវប្រឈមនឹងពន្ធខ្ពស់ខ្លាំងលើទំនិញដែលនាំចូលពីប្រទេសរបស់ពួកគេ៕

