មន្ត្រីនគរបាលម្នាក់បាននិយាយថា មនុស្សយ៉ាងតិច ៦នាក់ បានស្លាប់នៅផ្សារមួយកន្លែងឈ្មោះ Or Tor Kor នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារសម្លាប់រង្គាលមួយនៅក្នុងរដ្ឋធានីបាងកក របស់ប្រទេសថៃ នៅថ្ងៃចន្ទ (២៨ កក្កដា) នេះ។ លោក Charin Gopatta ស្នងការរងនៃការិយាល័យនគរបាលក្រុងបាងកក បានប្រាប់សារព័ត៌មានរ៉យទ័រថា ចំនួនអ្នកស្លាប់នេះគឺរួមមានទាំងខ្មាន់កាំភ្លើងផងដែរ ដែលបានបាញ់សម្លាប់ខ្លួនឯង។
លោក Worapat Sukthai អធិការរងនគរបាលនៃសង្កាត់ Bang Sue នៃទីក្រុងបាងកក ជាទីដែលឧប្បត្តិហេតុបានកើតឡើង បានប្រាប់សារព័ត៌មាន AFP ថា "នគរបាលកំពុងស៊ើបអង្កេតរកមូលហេតុ ហើយរហូតមកដល់ពេលនេះ ឧប្បត្តិហេតុនេះគឺជាការបាញ់ប្រហារសម្លាប់រង្គាលដ៏ធំមួយ"។

យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ Erawan ដែលឃ្លាំមើលមន្ទីរពេទ្យក្រុងបាងកក បានឱ្យដឹងថា ជនរងគ្រោះទាំង ៥នាក់នោះរួមមាន សន្តិសុខ ៤នាក់ នៅផ្សារ Or Tor Kor នេះ ដែលលក់កសិផល និងម្ហូបអាហារក្នុងស្រុក ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង ព្រមទាំងស្ត្រីម្នាក់ ហើយអ្នកស្លាប់ទី៦ គឺជាខ្មាន់កាំភ្លើង។
គួរឱ្យដឹងថា ការបាញ់ប្រហារសម្លាប់រង្គាលទ្រង់ទ្រាយធំបែបនេះ មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសថៃ ជាទីដែលកាំភ្លើងអាចរកទិញបានយ៉ាងងាយស្រួល ដោយសារភាពធូររលុងនៃការគ្រប់គ្រងអាវុធ៕

