ប្រជាជនសហរដ្ឋអាមេរិកជាង ១៣២លាននាក់ នៅទូទាំងភាគកណ្តាល និងភាគខាងកើតនៃប្រទេស កំពុងតែប្រឈមនឹងសីតុណ្ហភាពក្តៅខ្លាំងចាប់ផ្តើមពីថ្ងៃអាទិត្យ ២៧ កក្កដា តទៅចូលដល់សប្តាហ៍ថ្មីនេះ ជាមួយនឹងកំណើនសំណើមបង្កផលប៉ះពាល់កាន់តែអាក្រក់ និងដាក់សម្ពាធលើបណ្តាញថាមពល នៅពេលម៉ាស៊ីនត្រជាក់ និងកង្ហារធ្វើការមិនឈប់។
សេវាអាកាសធាតុជាតិអាមេរិកបានឱ្យដឹងថា សេចក្ដីណែនាំពីកម្ដៅ ឬការព្រមានពីកម្ដៅខ្លាំង ត្រូវបានដាក់ចេញចាប់ពីរដ្ឋ Nebraska ទៅដល់ Massachusetts និងចាប់ពី North Dakota ទៅដល់ Florida ដែលគ្របលើរដ្ឋចំនួន២៩ និងច្រើនជាង ៣៨% នៃចំនួនប្រជាជនសរុបនៅអាមេរិក។

ស្ថានភាពក្ដៅខ្លាំងនឹងឡើងដល់ចំណុចអតិបរមានៅថ្ងៃទី២៧ និងទី២៨ ខែកក្កដា មុនពេលធូរស្រាលបន្តិចម្ដងៗ ហើយភាគអាគ្នេយ៍នឹងក្លាយជាតំបន់ចុងក្រោយដែលមានភាពធូរស្បើយបន្តិចពីកម្ដៅនៅចុងសប្តាហ៍នេះ ឬចូលដល់សប្ដាហ៍បន្ទាប់។ សីតុណ្ហភាពខ្ពស់ ដែលកាន់តែអាក្រក់ទៅៗដោយសំណើម បានបង្កើតកំណត់ត្រាមិនច្បាស់លាស់ ជាពិសេសនៅភាគអាគ្នេយ៍ ជាមួយនឹងទីក្រុង Charlotte រដ្ឋ North Carolina បានឡើងដល់កម្រិតខ្ពស់ដល់ទៅ ៣៨អង្សាសេ កាលពីថ្ងៃសៅរ៍។
កំណត់ត្រាកម្ដៅខ្លាំងចំនួន ៦០ទីតាំងទៀតអាចនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ សេវាអាកាសធាតុនិយាយថា ទីក្រុង New York នឹងមានកម្រិតកម្ដៅខ្ពស់បំផុតនៅថ្ងៃទី២៩ កក្កដា នៅតួលេខ ៣៥,៦អង្សាសេ ចំណែកទីក្រុងវ៉ាស៊ីនតោន កម្រិតខ្ពស់ត្រូវព្យាករថានឹងឡើងដល់ ៣៦,៧អង្សាសេ នៅថ្ងៃ២៩ កក្កដា និងកម្រិត ៣៧,២អង្សាសេ នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះ៕

