អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានចាប់ផ្ដើមបើកឲ្យរថយន្តដឹកជំនួយស្បៀងអាហារបន្ថែមទៀតចូលក្នុងដែនដីហ្កាហ្សា ហើយខ្លួនបានបន្តផ្គត់ផ្គង់ថាមពល ទៅកន្លែងរោងចក្រចម្រុះទឹកស្អាតដ៏សំខាន់មួយ បន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ចាប់ផ្ដើមគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៃលំហូរជំនួយមនុស្សធម៌ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស។
ប៉ុន្តែអង្គការសហប្រជាជាតិ បាននិយាយថាការបើកឲ្យជំនួយចូលនេះមិនគ្រប់គ្រាន់បញ្ឈប់គ្រោះទុរ្ភិក្សទេ។

គេមិនទាន់ច្បាស់ទេ ថាតើជំនួយច្រើនប៉ុណ្ណានឹងចូលទៅក្នុងដែនដីហ្កាហ្សាប្រចាំថ្ងៃ ប៉ុន្តែក្រុមមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលទំនងមានឆន្ទៈបន្ធូរបន្ថយគោលនយោបាយរបស់ខ្លួនក្នុងពេលវេលាដ៏សំខាន់នោះ នៅពេលវិបត្តិមនុស្សក្នុងដែនដីនេះកំពុងឈានទៅរកភាពធ្ងន់ធ្ងរកាន់តែខ្លាំង រូបភាពដ៏ឲ្យសង្វេក និងរបាយការណ៍នានា នៃវិបត្តិអត់ឃ្លានកាន់តែខ្លាំង បានទាក់ទាញការថ្កោលទោសជាសកលលើអ៊ីស្រាអែល និងការរឹតត្បិតជំនួយរបស់ខ្លួន។
រថយន្តដឹកទំនិញជាច្រើនគ្រឿងមកពីប្រទេសអេហ្ស៊ីប និងហ្ស៊កដានី បានចេញដំណើរទៅកាន់តំបន់ហ្កាហ្សាកាលពីព្រឹកថ្ងៃអាទិត្យ ហើយយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងជួយសម្រួលដល់សកម្មភាពរបស់អង្គការសហប្រជាជាតិ និងក្បួនរថយន្តជំនួយផ្សេងទៀតនៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធមួយនេះ។
មន្ត្រីអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា អាហារប្រហែល ៦២.០០០តោនក្នុងមួយខែ ឬប្រហែល១២០រថយន្ត ក្នុងមួយថ្ងៃ ត្រូវការជាចាំបាច់ ដើម្បីផ្គត់ផ្គង់តម្រូវការជាមូលដ្ឋានរបស់មនុស្ស៕

