បណ្ដាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត AI របស់ចិន បានប្រកាសបង្កើតសម្ព័ន្ធភាពឧស្សាហកម្មថ្មីចំនួន២ ក្នុងបំណងអភិវឌ្ឍប្រព័ន្ធអេកូក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ខណៈពួកគេស្វះស្វែងរកវិធីទប់ទល់នឹងការរឹតបន្តឹងផ្នែកនាំចេញរបស់សហរដ្ឋអាមេរិក លើបន្ទះឈីប AI កម្រិតខ្ពស់របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិក Nvidia។

ការប្រកាសនេះត្រូវបានកំណត់ពេលឱ្យស្របនឹងសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោករយៈពេល ៣ថ្ងៃក្នុងទីក្រុងសៀងហៃ ដែលត្រូវបញ្ចប់នៅថ្ងៃចន្ទ ២៨ កក្កដា នេះ។
សន្និសីទនេះក៏បានបើកបង្ហាញពីផលិតផលថ្មីៗមួយចំនួនទៀត ដូចជាប្រព័ន្ធកុំព្យូទ័រ AI ពីក្រុមហ៊ុន Huawei ដែលអ្នកជំនាញជឿថាជាគូប្រជែងដ៏ធំនឹងឈីបទំនើបបំផុតរបស់ Nvidia ក៏ដូចជាផលិតផលដែលងាយស្រួលប្រើផ្សេងទៀត ដូចជាវ៉ែនតា AI ឌីជីថលជាច្រើនប្រភេទ។
ការរួបរួមក្រុមទី១នៃក្រុមហ៊ុនចិន ឈ្មោះថា សម្ព័ន្ធភាពច្នៃប្រឌិតនៃប្រព័ន្ធអេកូឈីប (Model-Chip Ecosystem Innovation Alliance) បានប្រមូលផ្តុំអ្នកអភិវឌ្ឍចិននៃម៉ូដែលភាសាធំៗ ហៅកាត់ថា LLM និងក្រុមហ៊ុនផលិតបន្ទះឈីប AI។ សម្ព័ន្ធភាពទីពីរ គឺគណៈកម្មាធិការ AI នៃសភាពាណិជ្ជកម្មទូទៅក្រុងសៀងហៃ មានគោលបំណង "លើកកម្ពស់ការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃបច្ចេកវិទ្យា AI និងការផ្លាស់ប្តូរឧស្សាហកម្ម"៕

