ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យប៊ុលហ្គារី បានបន្តទប់ស្កាត់ចំហេះព្រៃនៅទីតាំងជិត ១០០កន្លែង នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ (២៧ កក្កដា) ដោយបានឆេះបំផ្លាញផ្ទះសម្បែងអស់ជាច្រើន ហើយអ្នកស្រុកត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាព។

វិទ្យុជាតិប៊ុលហ្គារី (BNR) រាយការណ៍ថា ចំហេះនៅជើងភ្នំ Pirin ភាគនិរតីនៃប្រទេសប៊ុលហ្គារី កំពុងរាលដាលពាសពេញផ្ទៃដីព្រៃរាប់ពាន់ហិកតា។ ចំហេះដ៏ធំមួយផ្សេងទៀតនៅក្នុងទីក្រុង Simitli បានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង ខណៈរាលដាលឆ្ពោះទៅភ្នំ Maleshevo ។
អាជ្ញាធរនិយាយថា អ្នកពន្លត់អគ្គិភ័យជាង ២០០នាក់ ដែលត្រូវបញ្ជូនទៅកាន់តំបន់នោះកាលថ្ងៃសៅរ៍ ត្រូវបានដកចេញមកវិញដោយសារតែខ្យល់បក់ខ្លាំងបានបង្កការគំរាមកំហែងដល់ជីវិតរបស់ពួកគេ ដោយបន្ថែមថា អាជ្ញាធររំពឹងថានឹងមានការគាំទ្រតាមផ្លូវអាកាសពីបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃបានពណ៌នាស្ថានភាពចំហេះរបស់ប៊ុលហ្គារីថាជា "ធ្ងន់ធ្ងរណាស់"។
បណ្តាប្រទេសនៅតំបន់អឺរ៉ុបភាគអាគ្នេយ៍ បានជួបប្រទះសីតុណ្ហភាពយ៉ាងក្ដៅគគុកក្នុងកំណត់ត្រាកាលពីសប្តាហ៍មុន ដោយអ្នកវិទ្យាសាស្ត្របានឱ្យឈ្មោះទីតាំងជាច្រើននៅក្នុងតំបន់អឺរ៉ុបថាជា "ចំណុចងាយកើតមានចំហេះ"៕

