អស់រយៈពេលជាច្រើនខែមកនេះ ទម្លាប់និយាយលឿនជ្រុលពេករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា លោកអាចចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ស្មុគស្មាញ គឺជារឿងគួរឲ្យអស់សំណើច នៅទីក្រុងវ៉ាស៊ីនតោន។
ប្រធានព្រឹទ្ធសភាសំឡេងភាគតិច លោក Chuck Schumer បាននិយាយកាលពីខែកក្កដាថា៖ «កាលពី ៩០ថ្ងៃមុន លោក Donald Trump បានសន្យាជាមួយពិភពលោកថា អត្រាពន្ធរបស់លោក នឹងនាំឲ្យមានកិច្ចព្រមព្រៀងចំនួន ៩០ ក្នុងរយៈពេល ៩០ថ្ងៃ»។

ដូច្នេះ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែកក្កដា) នៅពេលដែលលោក Trump បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) វាមិនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់លោក គិតមកដល់ពេលនេះប៉ុណ្ណោះទេ ប៉ុន្តែផ្នែកនយោបាយ ក៏ជាការចង់បានបំផុតរបស់លោកផងដែរ។
បន្ទាប់ពីបានរំលងទៅអស់រយៈពេលជាច្រើនខែ ដោយមិនទទួលនូវកិច្ចព្រមព្រៀងនោះ លោក Trump ឥឡូវនេះ កំពុងបញ្ចប់ពេលវេលានៃការចរចាពាណិជ្ជកម្មប្រកបដោយផលិតភាពបំផុត ដោយសម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយហ្វីលីពីន ជប៉ុន និងឥណ្ឌូនេស៊ី ព្រមទាំង EU ដែលតំណាងឲ្យសមាជិកចំនួន ២៧ប្រទេស។
ដូច្នេះ កិច្ចព្រមព្រៀងជាមួយ EU យ៉ាងហោចណាស់តាមការចាប់អារម្មណ៍ដំបូង ហាក់ដូចជាផ្តល់ឲ្យលោក Trump នូវអ្វីដែលលោកចង់បាន។
ទោះបីជាព័ត៌មានលម្អិតជាច្រើននៃកិច្ចព្រមព្រៀងមិនច្បាស់លាស់ក៏ដោយ ក៏ EU និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៧ ខែកក្កដា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយដែលកំណត់អាត្រាពន្ធ ១៥ភាគរយលើទំនិញភាគច្រើនរបស់ EU ក្នុងនោះរួមមានទាំងរថយន្តផងដែរ ដោយបញ្ចៀសនូវអ្វីដែលអាចក្លាយជាសង្រ្គាមពាណិជ្ជកម្មដ៏តានតឹងមួយជាមួយប្លុកដែលជាប្រភពនាំចូលដ៏ធំបំផុតតែមួយគត់របស់សហរដ្ឋអាមេរិក៕
