បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន បានជំរុញឲ្យប្រទេសថៃនិងកម្ពុជាអនុវត្តបទឈប់បាញ់ជាបន្ទាន់ជុំវិញជម្លោះព្រំដែនដែលកំពុងកើតមានរវាងប្រទេសទាំងពីរ។
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានអំពាវនាវឱ្យភាគីទាំងសងខាងត្រឡប់ទៅតុចរចាវិញ ហើយបដិសេធមិនចាត់វិធានការណាមួយដែលអាចធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីវិវាទព្រំដែនថៃ-កម្ពុជា ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដានេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងកើតមាន ដែលបណ្តាលឱ្យមានការកើនឡើងចំនួនអ្នកស្លាប់ និងរបួសទាំងសងខាង និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាការភៀសខ្លួនរបស់ប្រជាពលរដ្ឋមួយចំនួនធំនៅតាមតំបន់ព្រំដែន។