ប្រព័ន្ធផ្សព្វផ្សាយBBC និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Mediazona បានរាយការណ៍បញ្ជាក់ពីចំនួនអ្នកស្លាប់ជាង១២០.០០០នាក់ក្នុងចំណោមបុគ្គលិកយោធារុស្ស៊ី ក្នុងការវាយលុកលើអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយបានធ្វើការបូកសរុបដោយឯករាជ្យនូវចំនួនអ្នកស្លាប់របស់ទាហានរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនចាប់ផ្តើម ដោយផ្អែកលើព័ត៌មានបើកចំហ រួមទាំងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផងដែរ។

តួលេខចុងក្រោយត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍និយាយថា ជិតមួយភាគបីនៃអ្នកស្លាប់១២០.៣៤៣នាក់គឺជាអ្នកស្ម័គ្រចិត្តដែលបានចុះកិច្ចសន្យាបន្ទាប់ពីការវាយលុករបស់យោធា បានចាប់ផ្តើម។ របាយការណ៍និយាយថា អាយុរបស់អ្នកស្លាប់ជាមធ្យម៣៩ឆ្នាំ។ សេចក្តីរាយការណ៍បាននិយាយថាចំនួនអ្នកស្លាប់ពិតប្រាកដអាចលើសពី២៦០.០០០នាក់។
