រុស្ស៊ីកាលពីថ្ងៃអាទិត្យបានអះអាងថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញឃ្លាំងផ្គត់ផ្គង់របស់អ៊ុយក្រែន ខណៈអ៊ុយក្រែនរាយការណ៍នៅថ្ងៃតែមួយនោះថា កងទ័ពរបស់ខ្លួនបានវាយប្រហារទីតាំងស្តុកគ្រាប់រំសេវរបស់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញស្ថានីយសង្គ្រាមអេឡិចត្រូនិកអ៊ុយក្រែនចំនួន៧កន្លែង ឃ្លាំងស្តុកគ្រាប់រំសេវចំនួន១៦កន្លែង ឃ្លាំងស្តុកសម្ភារៈចំនួន២កន្លែង និងឃ្លាំងផ្គត់ផ្គង់ចំនួន៧កន្លែង។

បន្ថែមលើនេះ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារទៅលើរោងចក្រផលិតផ្នែកយោធារបស់អ៊ុយក្រែន ចំណុចត្រួតពិនិត្យសម្រាប់យានដ្រូនរយៈចម្ងាយឆ្ងាយ ទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសក្នុងតំបន់ចំនួន១៤៦កន្លែង។ ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់ និងបាញ់ទម្លាក់យានដ្រូនរបស់អ៊ុយក្រែនចំនួន ៧២ គ្រឿងនៅលើទឹកដីរុស្ស៊ី និងនៅសមុទ្រ Azov តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃអាទិត្យ។
ភាគីអ៊ុយក្រែនបាននិយាយថា កងកម្លាំងទ័ពអាកាស អង្គភាពមីស៊ីល កងកាំភ្លើងធំ បានវាយប្រហារលើ ទីតាំងកាំភ្លើងធំ និងឃ្លាំងរំសេវមួយកន្លែង។
