អាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង៥៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ដ៏មហន្តរាយនៅក្នុងរដ្ឋ Adamawa ភាគឦសានប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ។ លោក Ladan Ayuba ប្រធានប្រតិបត្តិការនៅទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិក្នុងរដ្ឋធានីរដ្ឋ Yola បាននិយាយថា ភ្លៀងធ្លាក់កាលពីពេលយប់បានលិចលង់លំនៅឋានជាច្រើនខ្នង និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងផ្នែកមួយចំនួនរបស់ទីក្រុង ដោយបង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួនចេញ។

លោក Ayuba និយាយថា ទូកឈើច្រើនគ្រឿងត្រូវបានដាក់ពង្រាយដើម្បីជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំងខ្លួន ដែលពួកគេភាគច្រើន កំពុងស្វែងរកទីជ្រកកោននៅក្នុងជំរំបណ្តោះអាសន្ន។ ប្រទេសនីហ្សេរីយ៉ា ជារឿយៗជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរក្នុងរដូវវស្សា ដែលជាធម្មតាចាប់ផ្តើមនៅខែមីនា និងអំឡុងពាក់កណ្តាលខែឧសភា ជាពិសេសនៅភាគខាងជើងប្រទេស។
អ្នកជំនាញបានភ្ជាប់ការជន់លិចកាន់តែធ្ងន់ធ្ងរនេះទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយចង្អុលទៅរកគំរូទឹកភ្លៀងខុសប្រក្រតី និងខ្លាំងជាងមុន។
ទីភ្នាក់ងារសេវាជលសាស្ត្រប្រទេសនីហ្សេរីយ៉ា បានចេញការព្រមានអំពីទឹកជំនន់ថ្មីសម្រាប់រដ្ឋ Adamawa និងរដ្ឋចំនួន២៧ផ្សេងទៀត ដោយព្រមានអំពីទឹកជំនន់ទ្រង់ទ្រាយធំអាចកើតមានរហូតដល់ថ្ងៃទី៥ ខែសីហា។
