
ភ្នំពេញ៖ ឯកឧត្តម ចាន់ សុធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមវបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ថ្លែងថា ការអនុវត្តកម្មវិធីអភិវឌ្ឍថ្នាក់ក្រោមជាតិរយះពេល១០ឆ្នាំខាងមុខ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ធំលើសេវាសាធារណៈថ្នាក់មូលដ្ឋាន ដើម្បីជំរុញសេវារដ្ឋបាលសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាពពេញលេញជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីវឌ្ឍនភាពនៃដំណើរការការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យសម្រាប់ថ្នាក់ក្រោមជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតាមដំណាក់កាលទី១ ទី២ ទី៣ និងទី៤ តាមអាណត្តិនីមួយៗ ដោយផ្តោតទៅលើការធ្វើកំណែទម្រង់ក្នុងវិស័យសំខាន់ៗនានា ដើម្បីធានាដល់ការបន្តរក្សា និងពង្រឹងសន្តិភាពស្ថេរភាពនយោបាយ និងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយសមធម៌ និងចីរភាព ក្នុងនោះ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ជាកំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់សំខាន់នានាផងដែរ។
ឯកឧត្តម បន្តថា ក្នុងរយៈពេល ១០ឆ្នាំនៃការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលជាច្រើន ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពផ្តល់សេវាសាធាណៈ ការវិមជ្ឈការហិរញ្ញវត្ថុ ជាពិសេសផ្តល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។
ឆ្លើយតបសំនួរអ្នកសារព័ត៌មានជុំវិញសេវារដ្ឋបាលសាធារណៈ ឯកឧត្តម ចាន់ សុធា បានបញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិក្នុងរយះពេល១០បន្តខាងមុខ រាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យធំចំនួន៥ រួមមានការដើម្បីពង្រឹងរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ និងរដ្ឋបាលសាធារណៈ ដែលមិនទាន់មានប្រសិទ្ធភាពពេញលេញ។
ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ សុធា បានលើកឡើងថា តួអង្គសំខាន់ដើម្បីជំរុញបញ្ហាខាងលើនេះមានតួអង្គចំនួនពីរ គឺតួអង្គថ្នាក់ជាតិមានតួនាទីរៀបចំគោលនយោបាយជាតិសំខាន់ៗ និងតួអង្គថ្នាក់ក្រោមជាតិ ដែលមានមន្ត្រីមូលដ្ឋានមានតួនាទីក្នុងការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការកែទម្រង់វិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់មួយដែលផ្តោតជាសំខាន់លើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អ គឺគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ការចូលរួម ការឆ្លើយតប នីតិរដ្ឋ និងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម៕ អត្ថបទ៖ សេក ឧត្តម