ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃអាទិត្យ (ទី២៧ ខែកក្កដា) បានអំពាវនាវឲ្យប្រធានាធិបតី លោក Volodymyr Zelenskiy បន្តធ្វើឲ្យស្ថាប័នប្រឆាំងអំពើពុករលួយឯករាជ្យ ដោយមេដឹកនាំអ៊ុយក្រែនផ្តល់សញ្ញាថា ច្បាប់គាំទ្រ អាចត្រូវបានអនុម័ត ក្នុងរង្វង់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។

តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម X បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទជាមួយលោក Zelenskiy លោកស្រី von der Leyen បានរៀបរាប់ថា៖ «អ៊ុយក្រែនបានសម្រេចកិច្ចការបានយ៉ាងច្រើនរួចទៅហើយ នៅលើផ្លូវរបស់ខ្លួនឆ្ពោះទៅកាន់ប្លុកអឺរ៉ុប។ ប្រទេសនេះត្រូវតែកសាងមូលដ្ឋានរឹងមាំទាំងនេះ និងបន្តរក្សាឲ្យស្ថាប័នប្រឆាំងអំពើពុករលួយឯករាជ្យ ដែលជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋរបស់អ៊ុយក្រែន«។
បន្ទាប់ពីផ្ទុះឡើងនូវការរិះគន់ជាសាធារណៈដ៏កម្រមួយ លោក Zelenskiy កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក បានបញ្ជូនសេចក្តីព្រាងច្បាប់ ដើម្បីស្តារឯករាជ្យភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន ជាការផ្លាស់ប្ដូរនូវទិសដៅនៃសេចក្ដីស្នើច្បាប់ពីមុន ដែលមានបំណងដកហូតស្វ័យភាពរបស់ស្ថាប័ននេះ។
ក្រោយការជជែកតាមទូរសព្ទ កាលពីថ្ងៃអាទិត្យ ជាមួយលោកស្រី von der Leyen លោក Zelenskiy បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំបានអរគុណដល់គណៈកម្មការអឺរ៉ុប សម្រាប់ការផ្ដល់នូវជំនួយផ្នែកជំនាញ។ យើងចែករំលែកទស្សនៈដូចគ្នា នោះគឺថា វាជារឿងសំខាន់ដែលសេចក្ដីស្នើច្បាប់នេះ ត្រូវតែត្រូវបានអនុម័តដោយគ្មានការពន្យាពេលនៅដើមសប្តាហ៍ក្រោយ»៕
