ចំពេលមានរលកកម្ដៅក្ដៅហែងខ្លាំង នៅប្រទេសកូរ៉េខាងត្បូងដែលគ្មានសញ្ញាពីការថមថយនោះ ការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ (ទី២៧ ខែកក្កដា) បានបង្ហាញថា ចំនួនអ្នកស្លាប់ដែលសង្ស័យទាក់ទងនឹងកម្ដៅ បានកើនឡើងជិត ៣ដង ធៀបនឹងឆ្នាំ២០២៤។
ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ការប៉ាន់ប្រមាណប្រចាំថ្ងៃរបស់រដ្ឋាភិបាល បានបង្ហាញថា ការស្លាប់ចំនួន ១១នាក់ ត្រូវបានគេសង្ស័យថា ទាក់ទងនឹងកម្ដៅ។ តួលេខនេះ គឺខ្ពស់ជាងជិត ៣ដងនៃចំនួន ៤នាក់ដែលត្រូវបានកត់ត្រាក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

សម្រាប់ហេតុការណ៍ចុងក្រោយបង្អស់ អ្នកថ្មើរជើងម្នាក់ស្ថិតក្នុងវ័យ ៥០ឆ្នាំជាង បានបាត់បង់ជីវិត នៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីបានដួលនៅទីក្រុង Seongnam ខេត្ត Gyeonggi។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប៉ាន់ប្រមាណផងដែរថា មនុស្សជិត ២.២០០នាក់ បានជួបប្រទះនឹងជំងឺដែលទាក់ទងនឹងរលកកម្ដៅ ក្នុងរយៈពេលដូចគ្នា ពោលគឺឡើងជាង ២ដង ក្នុងមួយឆ្នាំ។ ៨៧ករណី ត្រូវបានរាយការត្រឹមថ្ងៃទី២៥ ខែកក្កដាតែមួយថ្ងៃប៉ុណ្ណោះ។
ដោយសីតុណ្ហភាពឡើងខ្ពស់លើសពី ៣៧អង្សាសេ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែកក្កដា) ការព្យាកររបស់រដ្ឋបាលឧតុនិយមកូរ៉េ បានឲ្យដឹងថា រលកកម្ដៅដែលត្រូវបានរំពឹងមានប៉ុន្មានថ្ងៃជាប់ៗគ្នានៅពេលដែលឡើងដល់កម្រិតខ្ពស់បំផុត ៣៥អង្សាសេ ទំនងជានឹងបន្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា។
កូរ៉េខាងត្បូងបច្ចុប្បន្នកំពុងស្ថិតក្រោមឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់ទ្វេដង ខណៈដែលក្រសួងមហាផ្ទៃ និងសុវត្ថិភាព កាលពីថ្ងៃទី២៥ ខែកក្កដា បានប៉ាន់ប្រមាណថា ជាង ៤០ភាគរយនៃដែនដីកូរ៉េខាងត្បូង នឹងជួបប្រទះសីតុណ្ហភាពខ្ពស់ដល់ទៅ ៣៥អង្សាសេ ក្នុងរយៈពេល ៣ថ្ងៃខាងមុខ៕
