អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ដើម្បីពិភាក្សាអំពីវិធីបន្តកិច្ចសហប្រតិបត្តិការ។

លោកបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖«មន្ត្រី IAEA មួយចំនួន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ហើយយើងនឹងពិភាក្សាអំពីលក្ខណៈបច្ចេកទេស»។
យោងតាមលោក Baghaei បានឲ្យដឹងថា ជម្រើសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារ IAEA ចាំបាច់ត្រូវពិចារណាលើច្បាប់ថ្មី ដែលអនុម័តដោយសភាអ៊ីរ៉ង់។
កាលពីថ្ងៃទី ០២ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចុះហត្ថលេខាលើច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការរបស់ទីក្រុងតេអេរ៉ង់ ជាមួយទីភ្នាក់ IAEA ដែលត្រូវបានព្រាងដោយសភារបស់ប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយកាលពីថ្ងៃទី ២២ ខែកក្កដាថា ទីក្រុងតេអេរ៉ង់ មិនបានច្រានចោលការវិលត្រឡប់របស់ក្រុមអធិការកិច្ចរបស់ទីភ្នាក់ងារនេះ ទៅកាន់ប្រទេស នាពេលអនាគតនោះទេ។ លោក Baghaei បាននិយាយកាលពីថ្ងៃទី ២៥ ខែកក្កដាថា ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ IAEA ទៅកាន់ប្រទេសអ៊ីរ៉ង់ កំពុងដំណើរការ។
