អាជ្ញាធរប៉ាឡេស្ទីន បាននិយាយនៅថ្ងៃចន្ទនេះថា អ្នកតាំងទីលំនៅអ៊ីស្រាអែល បានវាយប្រហារភូមិ Taybeh ដែលមានជនជាតិប៉ាឡេស្ទីនកាន់គ្រិស្តសាសនារស់នៅ នៅតំបន់វេសបែង(West Bank) ដោយដុតបំផ្លាញរថយន្ត និងការបាញ់ថ្នាំពណ៌គម្រាមគំហែងនៅលើជញ្ចាំងសាធារណៈ។

អាជ្ញាធរដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា(Ramallah) បានសរសេរនៅលើបណ្តាញសង្គម X ថា៖«អ្នកតាំងលំនៅអាណានិគមអ៊ីស្រាអែល បានបើកការវាយប្រហារភេរវកម្ម នៅពេលយប់ ទៅលើភូមិ Taybeh (ទីក្រុងរ៉ាម៉ាឡា)ដែលមានជនជាតិប៉ាឡេស្ទីនកាន់គ្រិស្តសាសនារស់នៅ ដោយដុតរថយន្តប៉ាឡេស្ទីន និងការបាញ់ថ្នាំពណ៌ គំរាមកំហែងរើសអើងជាតិសាសន៍ ជាភាសាហ៊ីប្រូ (Hebrew)លើជញ្ជាំងផ្ទះ និងអាគារសាធារណៈ»។
អ្នកភូមិ Taybeh ម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសុវត្ថិភាព បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហារ បានកើតឡើង នៅម៉ោងប្រហែល២:00 ព្រឹក (ម៉ោង ២៣: 00ម៉ោងសកល) ដោយយ៉ាងហោចណាស់មានរថយន្តពីរគ្រឿង បានភ្លើងឆេះ។
អ្នកភូមិបាននិយាយថា រថយន្តមួយគ្រឿង ជាកម្មសិទ្ធិរបស់អ្នកកាសែតម្នាក់ ខណៈដែលកត់សម្គាល់ឃើញថា ការខូចខាតហាក់ដូចជាសំដៅទៅលើទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រជាជនប៉ាឡេស្ទីន។
