អាមេរិក៖ សេចក្ដីស្នើច្បាប់ស្ដីពីកញ្ចប់ថវិកាស្រោចស្រង់ស្ថានភាពជំងឺ COVID-19 ដែលមានទំហំទឹកប្រាក់ចំនួន ១,៩សែនកោដិដុល្លាររបស់លោកប្រធានាធិបតី Joe Biden ដើម្បីជួយដល់ពលរដ្ឋអាមេរិកក្នុងការដោះស្រាយផលប៉ះពាល់ ដោយសារជំងឺរាតត្បាតសកល Covid-19 បានទម្លាយឧបសគ្គចុងក្រោយរបស់ខ្លួននៅក្នុងសភា។
សភាតំណាងរាស្ត្របានអនុម័ត លើផែនការជំនួយសេដ្ឋកិច្ចដ៏ធំសម្បើម ដោយមានសំឡេងគាំទ្រចំនួន ២២០ ទល់នឹង ២១១សំឡេងកាលពីថ្ងៃពុធ ដែលមានតែសមាជិកគណបក្សប្រជាធិបតេយ្យ ហើយមិនមានសមាជិកគណបក្សសាធារណរដ្ឋណាម្នាក់ បោះឆ្នោតគាំទ្រឡើយ។ ដោយបានឆ្លងកាត់ព្រឹទ្ធសភារួចហើយ កញ្ចប់ថវិកាជំនួយសង្គ្រោះឥឡូវនេះ នឹងបញ្ជូនទៅកាន់តុរបស់លោក Biden ដើម្បីចុះហត្ថលេខាក្លាយជាច្បាប់។ សំណើច្បាប់ផ្តល់កញ្ចប់ជំនួយថវិកាសង្គ្រោះ អ្នកប៉ះពាល់ដោយសារជំងឺ Covid-19 លើកទី៦ នេះគឺជាជ័យជម្នះដ៏សំខាន់នៅសភាសម្រាប់លោក Biden។ សំណើច្បាប់នេះត្រូវបានអនុម័ត ដោយសំឡេងគាំទ្រទាំងអស់ ប៉ុន្តែមានតែសមាជិកគណបក្សប្រជាធិបតេយ្យមួយគត់ ដែលបានបោះឆ្នោតគាំទ្រ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា ប្រធានាធិបតីនឹងចុះហត្ថលេខាលើច្បាប់នេះ ទៅជាច្បាប់នៅថ្ងៃសុក្រស្អែកនេះ។
លោក Biden បាននិយាយថា ច្បាប់នេះនឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសនេះ បុគ្គលិកសំខាន់ៗ មនុស្សដែលកំពុងធ្វើការ ដែលបានកសាងប្រទេសនេះ មនុស្សដែលរក្សាប្រទេសនេះប្រយុទ្ធប្រឆាំងដើម្បីឱកាស។ ក្រោយមកលោកបានសន្យាចែករំលែក វ៉ាក់សាំងបង្ការជំងឺ Covid-19 លើសតម្រូវការប្រើប្រាស់នៅទូទាំងពិភពលោក បន្ទាប់ពីធានាថា ពលរដ្ឋអាមេរិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់។ លោកបន្ថែមថា ប្រសិនបើយើងមានចំនួនច្រើនលើសលុបហើយ យើងនឹងចែករំលែកទៅកាន់ពិភពលោក៕
អត្ថបទ៖ សុខមាន