ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានជំរុញសហគមន៍អន្តរជាតិឲ្យបដិសេធការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម។
ទីភ្នាក់ងារ UN បានព្រមានអំពីការមានភាពអត់ឃ្លានដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស នៅក្នុងតំបន់ហ្កាហ្សា ខណៈដែលលែងមានការផ្គត់ផ្គង់ជំនួយ ហើយសម្ពាធអន្តរជាតិ បាននិងកំពុងបង្កើតឲ្យមានបទឈប់បាញ់ ដើម្បីអនុញ្ញាតឲ្យមានប្រតិបត្តិការសង្គ្រោះដ៏ធំមួយ។

រដ្ឋាភិបាលរបស់អ៊ីស្រាអែល ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបដិសេធទាំងខឹងសម្បា ជុំវិញអ្វីដែលថា ខ្លួនកំពុងប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម ហើយផ្ទុយទៅវិញ បានចោទប្រកាន់ភ្នាក់ងារផ្តល់ជំនួយថា មិនបានជ្រើសរើស និងចែកចាយជំនួយដែលផ្តល់ដល់ចំណុចឆ្លងកាត់នៅព្រំដែនតំបន់ហ្កាហ្សា។
លោក Guterres បានប្រាប់សន្និសីទ UN នៅប្រទេសអេត្យូពីតាមវីដេអូថា៖ «បម្រែបម្រួលអាកាសធាតុកំពុងរំខានដល់ការប្រមូលផល ខ្សែច្រវាក់ផ្គត់ផ្គង់ និងជំនួយមនុស្សធម៌»។ ប្រមុខ UN រូបនេះ បានបន្ថែមថា៖ «ភាពអត់ឃ្លានធ្វើឲ្យមានអស្ថិរភាព និងធ្វើឲ្យខូចសន្តិភាព។ យើងមិនត្រូវទទួលយកជាដាច់ខាត ក្នុងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាម»។
នៅតំបន់ហ្កាហ្សាស្ទ្រីប ដែនដីប៉ាឡេស្ទីនដែលខ្ទេចខ្ទាំដោយសង្រ្គាម ត្រូវបានរួបរឹតដោយស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរបំផុត ដែលត្រូវបានបង្កឡើងដោយសង្រ្គាមរយៈពេល ២១ខែ ហើយកាន់តែអាក្រក់ទៅៗ ដោយសារការរាំងខ្ទប់ជំនួយទាំងស្រុងបរបស់អ៊ីស្រាអែល ចាប់ពីខែមីនា ដល់ខែឧសភា។
ហើយបើទោះបីជាមានការបន្ធូរបន្ថយនៃការរាំងខ្ទប់នេះក៏ដោយ ក៏កម្រិតនៃជំនួយទៅដល់តំបន់ហ្កាហ្សា គឺទាបជាងអ្វីដែលក្រុមជំនួយ និយាយថា ត្រូវការចាំបាច់៕

