អ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានបញ្ជាក់ថា កម្លាំងយោធារបស់ខ្លួន មិនមានការបកចំហ សម្រាប់ការចរចាទេ បន្ទាប់ពីបារាំងបានអំពាវនាវឲ្យមាន «កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងតេអេរ៉ង់ ដែលគ្របដណ្តប់ទាំងកម្មវិធីមីស៊ីល និងឥទ្ធិពលក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «វានឹងមិនមានការពិភាក្សាជាដាច់ខាត ពាក់ព័ន្ធនឹងបញ្ហាដែលទាក់ទងនឹងកម្លាំងការពារជាតិរបស់យើង»។ អ៊ីរ៉ង់ដោយទូទៅសំដៅទៅលើសកម្មភាពយោធាទាំងអស់ ក្នុងនោះរួមទាំងកម្មវិធីមីស៊ីលបាលីស្ទិករបស់ខ្លួនផងដែរ ជាសមត្ថភាពការពារជាតិ។
កាលពីថ្ងៃចន្ទ (ទី២៧ ខែកក្កដា) រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS News ក្នុងកម្មវិធី «Face The Nation» ថា រដ្ឋាភិបាលលោកខាងលិច កំពុងស្វែងរក «កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ» ជាមួយអ៊ីរ៉ង់ ជាផ្នែកមួយ ដើម្បីបញ្ចៀស «ហានិភ័យ« ដែលប្រទេសនេះអាចបន្តកម្មវិធីអាវុធនុយក្លេអ៊ែរដោយសម្ងាត់ ជាមហិច្ឆតាដែលទីក្រុងតេអេរ៉ង់ បានបដិសេធជាបន្តបន្ទាប់ថា មិនបានស្វែងរកឡើយ។
លោក Barrot បាននិយាយថា កិច្ចព្រមព្រៀងបែបនេះ នឹងរួមបញ្ចូល «វិមាត្រនុយក្លេអ៊ែរ» ក៏ដូចជា «សមាសភាពបាលីស្ទិក» និង «សកម្មភាពអស្ថិរភាព ក្នុងតំបន់ដែលអ៊ីរ៉ង់កំពុងធ្វើ» ដោយសំដៅទៅលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕
