រដ្ឋាភិបាលអាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះថា ខ្លួនត្រៀមចាត់វិធានការ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ទាក់ទងនឹងស្ថានភាព នៅតំបន់ហ្កាហ្សា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត អំពីអ្វីដែលប្រទេសអឺរ៉ុបមួយនេះអាចមាននោះទេ។
អ្នកនាំពាក្យទីក្រុងប៊ែរឡាំងបានប្រាប់ថា៖ «អំឡុងពេលសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកអធិការបតីបង្ហាញភាពច្បាស់លាស់ថា រដ្ឋាភិបាលសហព័ន្ធបានរៀបចំបង្កើនសម្ពាធ ប្រសិនបើមិនមានវឌ្ឍនភាពកើតឡើងទេនោះ»។
ដោយសំដៅដល់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខអាល្លឺម៉ង់ លោកបានបញ្ជាក់ថា៖ «ជាគោលការណ៍ យើងបានត្រៀមខ្លួន ដើម្បីចាត់វិធានការបន្ថែមទៀត ដែលក៏ជាគោលបំណងនៃកិច្ចប្រជុំសន្តិសុខនារសៀលនេះផងដែរ»។
តែយ៉ាងណាក្ដី អ្នកនាំពាក្យរូបនេះមិនបានផ្តល់ភាពជាក់លាក់ អំពីវិធានការអ្វីដែលត្រូវអនុវត្តនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះតម្រូវការក្នុងការកែលម្អលក្ខខណ្ឌមនុស្សធម៌ នៅក្នុងដែនដីប៉ាឡេស្ទីន៕