ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ និងមនុស្សម្នាក់ បានស្លាប់ ពេលដែលភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់នៅតំបន់ភ្នំ ប្រទេសរ៉ូម៉ានី នាថ្ងៃចន្ទនេះ ។
វីដេអូបញ្ចេញដោយក្រុមអធិការកិច្ចសង្រ្គោះបន្ទាន់រ៉ូម៉ានី ឃើញការបំផ្លិចបំផ្លាញនៅភូមិតំបន់ភ្នំ Brosteni ស្ថិតក្នុងស្រុក Suceava នៅភាគខាងជើងប្រទេសរ៉ូម៉ានី ក្នុងនោះរថយន្ត និងអគារត្រូវបានទឹកហូរនាំយកទៅនៅក្នុងទឹកជំនន់ ។
មន្រ្តីមួយរូបមកពីស្រុក Neamt និយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ទន្លេ Bistrita ដែលហូរឆ្លងកាត់ភូមិ Brosteni បានឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត ។
ក្រុមអធិការកិច្ចសង្រ្គោះបន្ទាន់ និយាយថា មនុស្សម្នាក់ ត្រូវបានប្រទះឃើញស្លាប់នៅភូមិ Neagra ។ មនុស្សផ្សេងទៀត ត្រូវបានជួយសង្រ្គោះចេញពីផ្ទះរងការជន់លិច ហើយមនុស្សប្រហែល ៨៩០នាក់ ត្រូវបានជម្លៀសចេញ ជាការប្រុងប្រយ័ត្នទុកជាមុន ៕