នៅថ្ងៃចន្ទនេះ រថយន្តរាប់សិបគ្រឿងដឹកជំនួយចូលទៅកាន់តំបន់ហ្កាហ្សា បានធ្វើដំណើរចេញពីអេហ្ស៊ីប សម្រាប់រយៈពេល ២ថ្ងៃជាប់ៗគ្នា ក្រោយអ៊ីស្រាអែលបន្ធូរបន្ថយការបិទច្រកលើដែនដីប៉ាឡេស្ទីនមួយនេះ ។
យោធាអ៊ីស្រាអែល បានបើកច្រករបៀងជំនួយសម្រាប់ក្បួនរថយន្តដឹកស្បៀងអាហារ និងឱសថ ចន្លោះម៉ោង ៦ព្រឹក និងម៉ោង ១១យប់ ចាប់ផ្តើមពីថ្ងៃអាទិត្យតទៅ ។
ក្រុមអឌ្ឍចន្ទក្រហមអេហ្ស៊ីប និយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបញ្ជូនរថយន្ត ១៣៥គ្រឿង ដឹកជំនួយទម្ងន់ ១.៥០០តោន ចូលទៅកាន់តំបន់ហ្កាហ្សា រួមទាំងស្បៀងអាហារជាច្រើន និងគ្រឿងផ្គត់ផ្គង់ផ្ទាល់ខ្លួនផងដែរ ។
រថយន្តមានដោតទង់ក្រុមអឌ្ឍចន្ទក្រហមអារ៉ាប់រួម ក្រុមសប្បុរធម៌កាតា និងអង្គការអន្តរជាតិជាច្រើនទៀត ត្រូវបានគេមើលឃើញធ្វើដំណើរចេញពីអេហ្ស៊ីប ឆ្ពោះទៅកាន់តំបន់ហ្កាហ្សា ។
អ៊ីស្រាអែលប្រឈមការរិះគន់អន្តរជាតិកើនឡើង ដែលរដ្ឋាភិបាលពួកគេច្រានចោល ជុំវិញវិបត្តិមនុស្សធ៌នៅតំបន់ហ្កាហ្សា ហើយនិងកិច្ចប្រជុំបទឈប់បាញ់ដោយប្រយោលនៅទីក្រុងដូហា រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស ពុំបានទម្លុះភាពទាល់ច្រក ៕