កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៦៣នាក់ នៅទូទាំងតំបន់ហ្កាហ្សា រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយយោធាប្រកាសថា ពួកគេនឹងចាប់ផ្តើមផ្អាកការវាយប្រហាររយៈពេល ១០ម៉ោងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួន ដើម្បីអនុញ្ញាតឲ្យជំនួយឆ្លងកាត់ ។
កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសផ្អាកប្រតិបត្តិការសឹករយៈពេល ១០ម៉ោង ក្នុង ១ថ្ងៃ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ នៅតាមតំបន់ជាច្រើននៅហ្កាហ្សារួមទាំងទីក្រុង Mawasi, Deir el-Balahនិងទីក្រុងហ្កាហ្សា ហើយនិងច្រករបៀងជំនួយថ្មី ស្របពេលដែលហ៊្សកដានី និងអារ៉ាប់រួម ទម្លាក់គ្រឿងផ្គត់ផ្គង់ពីលើអាកាសចូលទៅក្នុងដែនដីមួយនេះ ស្របពេលដែលរូបភាពពីការអត់ឃ្លានរបស់ជនប៉ាឡេស្ទីន បានធ្វើឲ្យពិភពលោកព្រួយបារម្ភ ។ ពួកគេបានសន្យាផងដែរបើកច្រករបៀងជំនួយសម្រាប់ក្បួនរថយន្តដឹកស្បៀងអាហារ និងឱសថ ចន្លោះម៉ោង ៦ព្រឹក និងម៉ោង ១១យប់ ។
ប៉ុន្តែរយៈពេលប៉ុន្មានម៉ោងចូលថ្ងៃដំបូងនៃការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌ ការវាយឆ្មក់តាមច្រកអាកាសរបស់អ៊ីស្រាអែល បានចាប់ផ្តើមឡើងវិញ ។
លោក Hind Khoudary គឺជាអ្នកសារព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ពីទីក្រុង Deir el-Balah ថា មាននូវការវាយប្រហារតាមច្រកអាកាសលើទីក្រុងហ្កាហ្សា ហើយតំបន់មួយនេះ ត្រូវបានគេចាត់ទុកថាជាតំបន់សុវត្ថិភាព និងជាទីកន្លែងដែលកងកម្លាំងអ៊ីស្រាអែល នឹងផ្អាកប្រតិបត្តិការសឹករបស់ខ្លួន ៕