លោក Fares Hassouna ដែលមានកូន ៦នាក់ក្នុងបន្ទុក ធ្វើដំណើរឆ្លងកាត់ដងផ្លូវធូលីនៅភាគខាងជើងហ្កាហ្សា ដោយមានលីបាវម៉្សៅនៅលើស្មា ពេលដែលការចែកចាយជំនួយដ៏កម្រចូលទៅក្នុងដែនដីមួយនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
ពាក់ស្បែកជើងផ្ទាត់ដាច់ខ្សែ លោក Hassouna បានរៀបរាប់ពីគ្រួសាររបស់លោកស្រេកឃ្លានបែបណា ពេលជួបកង្វះខាតស្បៀងអាហារ ។
ក្រោយដើរចម្ងាយរាប់គ.ម ដើម្បីទៅដល់ចំណុចចែកចាយជំនួយ លោក Hassouna និយាយថា ភាពអត់ឃ្លាន បានសម្លាប់ពួកយើង កូនៗរបស់លោកស្រកទម្ងន់ច្រើនណាស់ ។ វាមានរយៈពេល ១៥ថ្ងៃហើយ ដែលលោកមកស្វែងរកជំនួយ តែពុំទទួលបានអ្វីសោះ ។
បាវជំនួយដែលបានចូលតំបន់ហ្កាហ្សា តាមអ៊ីស្រាអែល ត្រូវបានដណ្តើមយកភ្លាមៗដោយពលរដ្ឋហ្កាហ្សា ។ មនុស្សជាច្រើនដូចជាលោក Hassouna បានចេញដំណើរនៅពេលព្រឹកព្រលឹម ដោយពុំដឹងច្បាស់ថា តើពួកគេនឹងវិលត្រឡប់មកវិញជាមួយស្បៀងដែរឬយ៉ាងណានោះទេ ។
លោកនិយាយថា លោកចេញក្រៅ ដោយពុំដឹងថាវិលត្រឡប់មកវិញជាមួយជំនួយ ឬគ្មានជំនួយនោះទេ ។ លោកចេញក្រៅដោយទុកចិត្តព្រះជាមួយការងាររបស់លោកមួយនេះ ។
ពេលវិលត្រឡប់មកសំពត់តង់នៅទីក្រុងហ្កាហ្សាវិញ គ្រួសាររបស់លោក Hassouna សាទរសប្បាយរីករាយយ៉ាងខ្លាំងពេលលោកវិលត្រឡប់មកវិញជាមួយម៉្សៅបែបនេះ ។ ដាក់ក្បាលលើបាវម៉្សៅ លោកប្រៀបប្រដួចការវិលត្រឡប់មកវិញរបស់លោកថ្ងៃនេះ ដូចនាំបានកូនគោមួយក្បាលអញ្ចឹងដែរ ។
កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែល បានប្រកាសផ្អាកប្រតិបត្តិការសឹករយៈពេល ១០ម៉ោង ក្នុង ១ថ្ងៃ នៅតាមតំបន់ជាច្រើននៅហ្កាហ្សា ហើយនិងច្រករបៀងជំនួយថ្មី ស្របពេលដែលហ៊្សកដានី និងអារ៉ាប់រួម ទម្លាក់គ្រឿងផ្គត់ផ្គង់ពីលើអាកាសចូលទៅក្នុងដែនដីមួយនេះ ស្របពេលដែលរូបភាពពីការអត់ឃ្លានរបស់ជនប៉ាឡេស្ទីន បានធ្វើឲ្យពិភពលោកព្រួយបារម្ភ ៕