នៅថ្ងៃចន្ទនេះ ប្រធានអាកាសធាតុអង្គការសហប្រជាជាតិ(UN) បានអំពាវនាវឲ្យបង្កើតគោលដៅបំភាយឧស្ម័នឆ្នាំ ២០៣៥ និងពន្លឿនការផ្លាស់ប្តូរថាមពលស្អាតរបស់ខ្លួន ដោយលោកព្រមានថា ការខកខានចាត់វិធានការ បង្កហានិភ័យដល់ស្តង់ដារស់នៅ និងស្ថិរភាពក្នុងតំបន់ ។
ថ្លែងនៅព្រឹត្តការណ៍ក្រុមប្រឹក្សាថាមពលឆ្លាតវៃនៅទីក្រុងស៊ីដនី លោក Simon Stiell គឺជារដ្ឋលេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុរបស់ UN និយាយថា អូស្រ្តាលីគួរចាត់វិធានការសម្រេចគោលដៅរបស់ខ្លួន ។
អូស្រ្តាលី ប្រឈមនឹងការពិនិត្យពិច្ច័យសម្រាប់ការគាំទ្រគម្រោងប្រេងឥន្ធនៈហ្វូស៊ីលថ្មី ស្របពេលដែលពួកគេស្វែងរកការធ្វើសហម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាកាសធាតុ UN COP31 ជាមួយតំបន់ប៉ាស៊ីហ្វិកនៅឆ្នាំក្រោយ ។
រដ្ឋាភិបាលការងារនិយមកណ្តាល-ឆ្វេង ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ ២០២២ ដោយមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូននោះ អនុញ្ញាតឲ្យរោងចក្រឧស្ម័នធំបំផុតរបស់ប្រទេសនេះ បន្តដំណើរការរហូតដល់ឆ្នាំ ២០៧០ គឺជាការសម្រេចចិត្តមួយ ដែលក្រុមអ្នករិះគន់និយាយថា វាបានក្លាយជាសំនួរចោទចំពោះការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុ ។
អូស្រ្តាលី ស្ថិតនៅក្នុងចំណោមប្រទេសមានកង្វក់បរិយាកាសខ្ពស់បំផុត ដោយសារការបង្កើតថាមពលធ្យូងថ្ម ៕