មន្ត្រី នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ទឹកជំនន់ដ៏ធំ នាពេលយប់ នៅភាគខាងកើតប្រទេសរ៉ូម៉ានី បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងខូចខាតផ្ទះសម្បែងរាប់ពាន់ខ្នង ដោយមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញ ហើយឧទ្ធម្ភាគចក្រ ៣គ្រឿង កំពុងស្វែងរកអ្នកភូមិដែលជាប់ក្នុងទឹកជំនន់នេះ។
ភ្នាក់ងារឆ្លើយតបបន្ទាន់ បានឲ្យដឹងថា ភូមិចំនួន ២៥ ទូទាំងតំបន់ចំនួន ៩ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកបក់ខ្លាំង ដែលបានធ្វើឲ្យដំបូលផ្ទះប៉ើង ហើយរំលើងដើមឈើ ដោយបានធ្វើឲ្យស្ទះចរាចរណ៍នៅលើផ្លូវជាតិមួយចំនួន។
តំបន់រងគ្រោះអាក្រក់បំផុត គឺតំបន់ Neamt និង Suceava នៅភាគខាងកើតប្រទេសរូម៉ានី ជាកន្លែងដែលទន្លេ ២ បានបាក់ច្រាំង ដោយបានសម្លាប់បុរសអាយុ ៦៦ឆ្នាំម្នាក់ និងបង្ខំឲ្យមនុស្សរាប់រយនាក់ជម្លៀសចេញ។ ផ្លូវចូលទាំងអស់ទៅកាន់ភូមិ Brosteni ក្នុងតំបន់ Suceava ត្រូវបានបិទ។
ទីភ្នាក់ងារគ្រប់គ្រងទឹករបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ទន្លេមួយចំនួនមានកម្រិតទឹកឡើងខ្ពស់បំផុត។ ការងារជួសជុលស្ពានបាក់រលំ កំពុងដំណើរការទៅ៕