លោកប្រធានាធិបតី Donald Trump នៅថ្ងៃចន្ទ (ទី២៨ ខែកក្កដា) នេះ បានប្រាប់ថា លោកកំពុងបន្ថយរយៈពេល ៥០ថ្ងៃដែលលោកបានផ្តល់ឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីធ្វើយ៉ាងណាឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ឬបើមិនដូច្នោះទេ ប្រឈមជាមួយនឹងអត្រា «ពន្ធបន្ថែម» ធ្ងន់ធ្ងរ ដែលត្រូវដាក់លើដៃគូពាណិជ្ជកម្មរបស់ទីក្រុងមូស្គូ។
នៅប្រទេសស្កុតឡែន រួមនឹងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer មុនកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំអឺរ៉ុប លោក Trump បាននិយាយថា៖ «ខ្ញុំមានការខកចិត្ត ចំពោះប្រធានាធិបតី លោក (Vladimir) Putin»។ លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំនឹងកាត់បន្ថយឲ្យកាន់តែខ្លីជាងមុននូវរយៈពេលចំនួន ៥០ថ្ងៃដែលខ្ញុំបានផ្តល់ឲ្យគាត់»។
តែយ៉ាងណាក្ដី លោកមិនបានចែករំលែកពីចំនួនថ្ងៃថ្មីថា តើមានប៉ុន្មានថ្ងៃនោះទេ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះការស្នើសុំរបស់ប្រព័ន្ធផ្សព្វផ្សាយ CNBC សម្រាប់ព័ត៌មានបន្ថែម។
គួរបញ្ជាក់ថា លោក Trump បានដាក់ចេញនូវថ្ងៃកំណត់ កាលពីថ្ងៃទី១៤ ខែកក្កដា ដោយប្រាប់ថា អ្នកទិញការនាំចេញរបស់រុស្ស៊ី នឹងត្រូវប្រឈមជាមួយនឹងអត្រាពន្ធ «ប្រហែល ១០០ភាគរយ» ប្រសិនបើទីក្រុងមូស្គូមិនមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ុយក្រែន នៅខែកញ្ញាទេនោះ៕