បាល់ទាត់៖ ក្លិបភ្នំពេញក្រោនបានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្លិបហាត់ប្រាណ Premium Fitness ដែលជាដៃគូសហការថ្មី ដើម្បីរួមចំណែកក្នុងការហ្វឹកហាត់កាយសម្បទាសម្រាប់ត្រៀមរដូវកាលថ្មីឆ្នាំ២០២២ ខាងមុខ។ ពិធីចុះ MOU នេះបានធ្វើឡើងនៅកីឡដ្ឋាន Smart RSN កាលពថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន រួមទាំងលោកឧកញ៉ា ស្រី ចាន់ថន និងលោកជំទាវ រិទ្ធ ដារ៉ាវីន អគ្គនាយិកាក្លិបហាត់ប្រាណនេះផងដែរ។

លោក កែវ សុខង៉ន បានបញ្ជាក់ថា ក្នុងរដូវកាលថ្មីនេះក្លិបរបស់ខ្លួនមានការប្រកួតប្រជែងកាន់តែខ្លាំង ដូច្នេះលោកបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះដៃគូសហការថ្មីរបស់ខ្លួន នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងសម័យបាល់ទាត់ទំនើប ដើម្បីជំរុញការហ្វឹកហាត់កាយសម្បទារបស់កូនក្រុមឲ្យកាន់តែសើរ សម្រាប់ត្រៀមការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ ទន្ទឹមជាមួយគ្នាលោកឧកញ៉ា ស្រី ចាន់ថន តំណាងក្លិបហាត់ប្រាណ Premium Fitness ក៏បានសម្ដែងនូវការសប្បាយចិត្តដែលបានរួមចំណែកគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាជាតិដោយផ្ដើមចេញពីកិច្ចសហការជាមួយក្លិបភ្នំពេញក្រោន។ លោករំពឹងថា តាមរយៈកិច្ចសហការនេះនឹងធ្វើឲ្យកីឡាករ-កីឡាការិនីកាន់តែមានកាយសម្បទានរឹងមាំ ហើយជំរុញការប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព និងជក់ចិត្តថែមទៀត។
គួរដឹងថា ភ្នំពេញក្រោនបានបញ្ចប់បេសកកម្មឆ្នាំចាស់ ជាមួយតំណែងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ ហើយក្នុងរដូវកាលថ្មីខាងមុខ ក្រៅពីត្រូវបំពេញភារកិច្ចការពារតំណែងជើងឯក ក៏ដូចជាការប្រកួតប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្រុមរហស្សនាមសិង្ហក្រហមនេះក៏ត្រូវតំណាងកម្ពុជាចូលរួមប្រកួតពានរង្វាន់ AFC Cup 2022 វគ្គចែកពូលផងដែរ៕
អត្ថបទ៖ លី ឈុនឡា