ប្រមុខមន្ត្រីពាណិជ្ជកម្មមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាថ្មីមួយកាលពីថ្ងៃចន្ទ (២៨ កក្កដា) ក្នុងគោលបំណងដើម្បីបន្ធូរបន្ថយភាពតានតឹងលើការដំឡើងពន្ធ រវាងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតទាំងពីររបស់ពិភពលោក ហើយក៏អាចឱ្យតម្រុយមួយចំនួនស្ដីពីលទ្ធភាពនៃជំនួបកំពូលដែលពិភពលោកទន្ទឹងរង់ចាំមើល រវាងមេដឹកនាំនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានជួបប្រជុំគ្នានៅការិយាល័យនាយករដ្ឋមន្ត្រីស៊ុយអែត ក្នុងជំនួបរយៈពេល ២ថ្ងៃ ដែលលោក Bessent បាននិយាយថា ទំនងជានឹងនាំទៅដល់ការបន្ថែមរយៈពេលផុតកំណត់ពន្ធនាពេលបច្ចុប្បន្ន។ ប៉ុន្តែលទ្ធផលដែលអាចកើតមានផ្សេងទៀតនឹងត្រូវឃ្លាំមើលដោយទីផ្សារ និងអាជីវកម្មសម្រាប់សញ្ញានៃការធូរស្បើយបន្ថែមនៃសង្រ្គាមពន្ធ។
ក្រុមអ្នកវិភាគនិយាយថា កិច្ចពិភាក្សានេះអាចកំណត់ដំណាក់កាលសម្រាប់កិច្ចប្រជុំដែលអាចកើតមានរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅចុងឆ្នាំនេះ។ កិច្ចចរចាថ្ងៃទីមួយបានបញ្ចប់បន្ទាប់ពីជំនួបជិត ៥ម៉ោងកាលពីថ្ងៃចន្ទ ហើយត្រូវបានកំណត់ថានឹងកោះប្រជុំឡើងវិញនៅព្រឹកថ្ងៃអង្គារ ២៩ កក្កដា នេះ។
ការពីការពិភាក្សាបើកផ្លូវលើជំនួបកំពូលមេដឹកនាំ បញ្ហាជាច្រើនផ្សេងទៀតក៏ស្ថិតនៅលើរបៀបវារៈផងដែរ រួមមាន លទ្ធភាពចូលទៅកាន់ទីផ្សារចិនកាន់តែច្រើនរបស់អាជីវកម្មអាមេរិក; ការវិនិយោគរបស់ចិននៅសហរដ្ឋអាមេរិក; សមាសធាតុផលិតសារធាតុញៀនហ្វង់តានីលនៅក្នុងប្រទេសចិនដែលទៅដល់ដៃអ្នកប្រើប្រាស់សហរដ្ឋអាមេរិក; ការទិញប្រេងរុស្ស៊ី និងអ៊ីរ៉ង់ពីសំណាក់ចិន; និងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាលោកខាងលិចរបស់អាមេរិក ដូចជាបន្ទះឈីប ដែលជួយផ្តល់ថាមពលដល់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ជាដើម៕


