ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីនហួ របស់ចិន បានរាយការណ៍នៅថ្ងៃអង្គារ (២៩ កក្កដា) នេះថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា និងទឹកជំនន់ បានបណ្ដាលឱ្យមានមនុស្សស្លាប់ ៣០នាក់ នៅក្នុងរដ្ឋធានីប៉េកាំង ដោយបង្កើនតួលេខអ្នកស្លាប់សរុបពីព្យុះភ្លៀងនៅក្នុងតំបន់នេះឡើងដល់ ៣៤នាក់ និងជាច្រើននាក់បន្តបាត់ខ្លួន។

អ្នកស្លាប់ថ្មីចំនួន ៣០នាក់នោះ ត្រូវរាយការណ៍នៅក្នុងស្រុកតំបន់ភ្នំភាគខាងជើងនៃទីក្រុងប៉េកាំង ដោយមានការស្លាប់ ២៨នាក់ កើតឡើងនៅតំបន់ជាយក្រុង Miyun និងអ្នកស្លាប់ ២នាក់នៅតំបន់ Yanqing ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានបញ្ជាក់ពីពេលវេលា ឬថាការស្លាប់នោះកើតឡើងយ៉ាងដូចម្ដេចទេ។ របាយការណ៍កាលពីថ្ងៃចន្ទនិយាយថា បំណាក់ដីនៅក្នុងខេត្ត Hebei ជិតខាង បានបង្កការស្លាប់ដំបូង ៤នាក់ និង ៨នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន។
ស៊ីនហួរនិយាយថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅចុងសប្តាហ៍មុន ហើយបង្កើនកម្លាំងកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុងប៉េកាំង និងខេត្តជុំវិញនោះកាលពីថ្ងៃចន្ទ ដោយរដ្ឋធានីប៉េកាំងទទួលបានទឹកភ្លៀងរហូតដល់ ៥៤៣,៤មីលីម៉ែត្រ (ឬ ២១,៤អ៊ីញ) នៅក្នុងស្រុកភាគខាងជើងរបស់ខ្លួន។
ទីក្រុងប៉េកាំងក៏ជម្លៀសប្រជាជនចំនួនជាង ៨០.៣០០នាក់ផងដែរ នៅពេលភ្លៀងធ្លាក់ខ្លាំងបន្តកើតមាន។ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងត្រូវខូចខាត ហើយភូមិ ១៣៦ទីតាំង ពុំមានអគ្គិសនីប្រើប្រាស់នោះទេគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ។ ក្រុងប៉េកាំងបានចេញការប្រកាសអាសន្នជំនន់ទឹកភ្លៀងកម្រិតខ្ពស់បំផុតរបស់ខ្លួនកាលថ្ងៃចន្ទ ដោយបានណែនាំអ្នកស្រុកកុំឱ្យចាកចេញពីផ្ទះសម្បែង៕


