អង្គការសិទ្ធិមនុស្សឈានមុខគេចំនួនពីររបស់អ៊ីស្រាអែលបាននិយាយថាការប្រព្រឹត្តរបស់អ៊ីស្រាអែលក្នុងសង្រ្គាមនៅហ្កាហ្សាបង្កើតជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

ក្រុមសិទ្ធិមនុស្ស B'Tselem និងក្រុមគ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស-អ៊ីស្រាអែល បានចេញផ្សាយរបាយការណ៍ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃចន្ទដោយផ្អែកលើការសិក្សាអំពីជម្លោះ ២១ ខែកន្លងមក។
អង្គការដែលមានភាពលេចធ្លោរក្នុងប្រទេសអ៊ីស្រាអែលជាច្រើនទសវត្សរ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម អំពាវនាវឱ្យបញ្ឈប់ឧក្រិដ្ឋកម្មនេះជាបន្ទាន់ ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ខ្លួនបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដែលនេះជាលើកដំបូងធ្វើឡើងដោយក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅអ៊ីស្រាអែល។
ឯកសារដែលមានកម្រាស់ ៨៨ ទំព័រនិយាយថា ការពិនិត្យលើគោលនយោបាយរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប និងលទ្ធផលដ៏គួរឱ្យរន្ធត់របស់ខ្លួន រួមជាមួយនឹងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយ និងមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីស្រាអែលអំពីគោលដៅនៃការវាយប្រហារ នាំឱ្យយើងឈានដល់ការសន្និដ្ឋានច្បាស់លាស់ថា អ៊ីស្រាអែលកំពុងចាត់វិធានការរួមគ្នាដើម្បីបំផ្លាញសង្គមប៉ាឡេស្ទីនដោយចេតនានៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងរបាយការណ៍កម្រាស់ ៦៥ ទំព័ររបស់ខ្លួន គ្រូពេទ្យសម្រាប់សិទ្ធិមនុស្សអ៊ីស្រាអែល (PHRI) បាននិយាយថា ការវិភាគផ្នែកច្បាប់ផ្តោតលើសុខភាពរបស់ខ្លួនបានរកឃើញថា អ៊ីស្រាអែលបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ហ្កាហ្សា។
អ៊ីស្រាអែល បានសម្លាប់មនុស្សជាង៨០នាក់បន្ថែមទៀត នៅសប្ដាហ៍នេះ ខណៈភាពអត់ឃ្លានកើនឡើង ហើយអ្នកស្លាប់ដោយសារខ្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានកើនឡើងដល់១៤៧នាក់ រួមទាំងកុមារ៨៨នាក់ ស្របពេលពលរដ្ឋហ្កាហ្សាស្លាប់សរុបហក់ឡើងដល់ជិត៦ម៉ឺននាក់៕


