ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទឹកដីរបស់អង់គ្លេស បានព្រមានជាថ្មីទៀតថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចនឹងត្រូវទម្លាក់គ្រាប់បែកម្តងទៀត ប្រសិនបើបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញ។ ទីក្រុងតេអេរ៉ង់ ដែលទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងគោលបំណងសន្តិភាព បានសន្យាថានឹងសាងសង់ឡើងវិញនូវគ្រឿងបរិក្ខារដែលរងការវាយប្រហារដោយអាមេរិក និងអ៊ីស្រាអែលកាលពីខែមុន។

អ៊ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែមិថុនា ដោយអះអាងថាទីក្រុងតេអេរ៉ង់ជិតសម្រេចបានអាវុធនុយក្លេអ៊ែរ ជាការចោទប្រកាន់ដែលមន្ត្រីអ៊ីស្រាអែល បានធ្វើអស់ជាច្រើនទសវត្សរ៍មកហើយ។
ទោះបីជាទីភ្នាក់ងារថាមពលអាតូមិក IAEA និងទីភ្នាក់ងារចារកម្មអាមេរិកបានបរាជ័យក្នុងការស្វែងរកភស្តុតាងដែលថាអ៊ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិកបានចូលរួមក្នុងការវាយប្រហារនេះ ដោយបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅ Fordow, Natanz និង Isfahan ។
តាមសេចក្តីរាយការណ៍ ការវាយប្រហារនោះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងបានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងក្រុមអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងបុគ្គលិកយោធាផងដែរ។
កាលពីសប្តាហ៍មុន ដោយនិយាយទៅកាន់សារព័ត៌មាន Fox News រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកAbbas Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ។ លោកបានហៅការចម្រាញ់នោះថាជាសមិទ្ធផលរបស់ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ និងជាបញ្ហានៃមោទនភាពជាតិ៕

