ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាច្រើនកំពុងស្រេកឃ្លាននៅតំបន់ហ្កាហ្សា និងបាននិយាយថា អ៊ីស្រាអែលអាចធ្វើការបន្ថែមទៀតលើដំណើរការមនុស្សធម៌ ខណៈពលរដ្ឋប៉ាឡេស្ទីនប្រឹងប្រែងរកអាហារឲ្យកូនៗរបស់ពួកគេ មួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសចំណាត់ការដើម្បីធ្វើឲ្យប្រសើរការផ្គត់ផ្គង់។
ខណៈចំនួនអ្នកស្លាប់ដោយសារសង្គ្រាមរយៈពេលពីរឆ្នាំនៅតំបន់ហ្កាហ្សាឡើងដល់ជិត៦០.000នាក់ ការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារការស្រេកឃ្លាននិងកង្វះអាហារូបត្ថម្ភ អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា ដោយឃើញរូបភាពកុមារស្រេកឃ្លានបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងជំរុញឱ្យមានការរិះគន់ជាអន្តរជាតិលើអ៊ីស្រាអែលអំពីស្ថានភាពកាន់តែអាក្រក់ទៅៗ។
ដោយពណ៌នាអំពីភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សាថាវាជាការពិត ការវាយតម្លៃរបស់លោក Trump បានធ្វើឱ្យលោកមានជម្លោះជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ជាអ្នកដែលបាននិយាយកាលពីថ្ងៃអាទិត្យថា «ពុំមានភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សាទេ» ហើយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ជាសេចក្តីថ្លែងការណ៍ដែលលោកបានបង្ហោះនៅលើបណ្តាញ X កាលពីថ្ងៃចន្ទ។
ទោះជាយ៉ាងណា លោក Netanyahu ក្រោយមកបានពណ៌នាស្ថានភាពនៅហ្កាហ្សាថា«លំបាកខ្លាំង» ដោយនិយាយថាប្រទេសរបស់លោកកំពុងធ្វើការដើម្បីធានាបានការដឹកជញ្ជូនជំនួយទៅដល់តំបន់ហ៊ុមព័ទ្ធមួយនេះ។ លោក Netanyahu និយាយថា «អ៊ីស្រាអែលនឹងបន្តធ្វើការជាមួយទីភ្នាក់ងារអន្តរជាតិ ព្រមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីធានាបានថា ជំនួយមនុស្សធម៌កាន់តែច្រើនហូរចូលទៅក្នុងតំបន់ហ្កាហ្សា» ។