ប្រភពបានប្រាប់សារព័ត៌មាន AP ថា ការបាញ់ប្រហារទ្រង់ទ្រាយធំមួយនៅកណ្តាលទីប្រជុំជន Manhattan នៃទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២៨ កក្កដា) បានបណ្តាលឱ្យមនុស្សយ៉ាងហោច ៥នាក់បានស្លាប់ រួមទាំងមន្ត្រីនគរបាលក្រុងញូវយ៉កម្នាក់។ ប្រភពដែលដឹងពីការស៊ើបអង្កេតកំពុងបន្ត បាននិយាយថា ជនសង្ស័យ ដែលត្រូវកំណត់អត្តសញ្ញាណថាជាបុរសវ័យ ២៧ឆ្នាំ ឈ្មោះ Shane Tamura អ្នករស់នៅក្រុង Las Vegas រដ្ឋ Nevada បានបាញ់សម្លាប់ខ្លួនឯង។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះនោះបន្តថា សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណបណ្ណលើសាកសពជនសង្ស័យ Tamura រួមទាំងអាជ្ញាបណ្ណកាំភ្លើងមួយសន្លឹកពីទីក្រុង Las Vegas ផងដែរ។ នគរបាលមិនទាន់ធ្វើសេចក្តីលម្អិតជាសាធារណៈភ្លាមៗនៃការបាញ់ប្រហារនេះទេ ប៉ុន្តែប្រភពនិយាយថា អ្នកស្លាប់ម្នាក់ជាមន្រ្តីនគរបាលក្រុងញូវយ៉ក ជនរងគ្រោះ ៣នាក់ទៀតជាជនស៊ីវិល និងអ្នកស្លាប់ចុងក្រោយជាជនដៃដល់។
នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងញូវយ៉ក និយាយថា ក្រុមសង្គ្រោះបន្ទាន់បានចុះទៅអគារការិយាល័យ Park Avenue ក្នុងតំបន់ទីប្រជុំជន Manhattan នៅថ្ងៃចន្ទ វេលាម៉ោងក្នុងស្រុកប្រហែល ៦:៣០នាទីល្ងាច បន្ទាប់ពីទទួលរបាយការណ៍នៃការបាញ់ប្រហារ។ អគារនេះមានក្រុមហ៊ុនហិរញ្ញវត្ថុធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធបាល់អោបជាតិ NFL។
អភិបាលក្រុងញូវយ៉ក លោក Eric Adams និយាយថា មនុស្សជាច្រើននាក់បានរងរបួស។ ប្រព័ន្ធប្រកាសអាសន្ននៃមន្រ្តីគ្រប់គ្រងទីក្រុង បានព្រមានពីការពន្យារពេលចរាចរណ៍ ការបិទផ្លូវ និងការរំខានដល់ការដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់៕

