ក្រុមមន្ត្រីបាននិយាយថា ព្យុះភ្លៀងបានវាយប្រហារលើប្រទេសរូម៉ានី ពេញមួយយប់ និងទូទាំងថ្ងៃចន្ទ (២៨ កក្កដា) ដោយបង្កឱ្យមានទឹកជំនន់យ៉ាងគំហុកនៅភាគឦសានរបស់ប្រទេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបង្ខំអ្នកស្រុកឱ្យរត់គេចរកទីទួលសុវត្ថិភាព។

មនុស្សជិត ១ពាន់នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈសេវាជួយសង្គ្រោះរបស់រូម៉ានី ត្រូវដាក់ពង្រាយនៅតំបន់រងការប៉ះពាល់ខ្លាំងគឺ Neamt និង Suceava ។ ឧទ្ធម្ភាគចក្រ និងអ្នកពន្លត់អគ្គិភ័យបានជួយសង្គ្រោះអ្នកស្រុក ដែលខ្លះជាប់ខ្លួនក្នុងផ្ទះដោយសារទឹកជំនន់ ហើយអាជ្ញាធរនិយាយថា មនុស្សយ៉ាងតិច ៨៩០នាក់ ត្រូវបានជម្លៀសចេញពី Neamt ។
ក្រុមអ្នកឆ្លើយតបដំបូង បានរកឃើញសពបុរសវ័យ ៦៦ឆ្នាំម្នាក់ ស្លាប់នៅបាតអូរក្នុងទីក្រុង Neagra នេះបើយោងតាមនាយកដ្ឋានស្ថានភាពអាសន្ន ហើយស្ត្រី ២នាក់ ដែលដំបូងត្រូវរាយការណ៍ថាបាត់ខ្លួន ពេលនេះក៏ត្រូវរកឃើញថាបានស្លាប់ផងដែរ។ អាជ្ញាធរបញ្ចេញរូបភាពដែលបង្ហាញពីទឹកជំនន់ពោរពេញដោយល្បប់ភក់ ហូរនាំរថយន្ត និងបង្កការខូចខាតផ្សេងៗ។
យោងតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់បានឱ្យដឹងថា ភូមិចំនួន២៥ ទូទាំង ៩ស្រុក របស់រូម៉ានី ត្រូវរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ ដែលបានបំផ្លិចបំផ្លាញដំបូលអគារ និងបាក់រលំដើមឈើ ហើយបង្កការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាតិមួយចំនួន៕


