ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការប៉ះទង្គិចគ្នាដ៏តានតឹងបានផ្ទុះឡើងរវាងនគរបាលកុបកម្ម និងក្រុមបាតុករនៅលើកោះវិស្សមកាល រ៉ូដ (Rhodes) ដ៏ស្រស់ស្អាតរបស់ប្រទេសក្រិក អំឡុងពេលការតវ៉ាគាំទ្រប៉ាឡេស្ទីនប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (២៨ កក្កដា) ខណៈនាវាទេសចរណ៍អ៊ីស្រាអែលមួយគ្រឿងបានចូលចតនៅកោះនេះ។

ខ្សែវីដេអូតាមកញ្ចក់ទូរទស្សន៍ក្រិក បានបង្ហាញឱ្យឃើញក្រុមបាតុករមួយចំនួនតូចដែលស្រែកតវ៉ាថា «សេរីភាពសម្រាប់ប៉ាឡេស្ទីន» នៅជិតកំពង់ផែកោះ ដោយនគរបាលកុបកម្មបានរុញច្រានពួកគេត្រឡប់មកវិញ ហើយការប៉ះទង្គិចគ្នាយ៉ាងតានតឹងក្នុងរយៈពេលខ្លីក៏បានផ្ទុះឡើង។
សកម្មជនប្រឆាំងសង្រ្គាមទាំងនោះបានអំពាវនាវឱ្យមានបាតុកម្មទ្រង់ទ្រាយធំនៅលើកោះនេះ ក្នុងអំឡុងពេលដែលនាវាទេសចរណ៍របស់អ៊ីស្រាអែល ឈ្មោះ Crown Iris ចូលចត ដែលត្រូវរាយការណ៍ថាដឹកភ្ញៀវទេសចរជាង ៦០០នាក់ ប៉ុន្តែតំណាងអាជីវកម្មក្នុងស្រុកនៅលើកោះបានប្រឆាំងនឹងការតវ៉ានេះ។
កាលពីសប្តាហ៍មុន នាវាទេសចរណ៍ Crown Iris នេះចាកចេញពីកោះក្រិកមួយទៀតឈ្មោះ Syros ដោយមិនមានអ្នកដំណើរចុះពីលើនាវានោះទេ បន្ទាប់ពីបាតុករជាង ១៥០នាក់ ក៏បានធ្វើបាតុកម្មនៅកំពង់ផែកោះមួយនោះ។ ក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅដែនដីហ្កាហ្សា ប៉ុន្តែបាតុកម្មនៅទីនោះពុំមានរបាយការណ៍ពីអំពើហិង្សាណាមួយទេ៕


