អ្នកនាំពាក្យមួយរូបរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៨ កក្កដា) ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍យ៉ាងខ្លាំងនូវកិច្ចព្រមព្រៀងឈប់បាញ់រវាងព្រះរាជាណាចក្រកម្ពុជា និងភាគីថៃ ថាជាជំហានដ៏វិជ្ជមានឆ្ពោះទៅរកការបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងការបន្ធូរបន្ថយភាពតានតឹង។

លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Guterres "ជំរុញឱ្យប្រទេសទាំងពីរគោរពកិច្ចព្រមព្រៀងឱ្យបានពេញលេញ និងបង្កើតបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហាជាប់គាំងដ៏យូរលង់ និងទទួលបានសន្តិភាពយូរអង្វែង"។
សេចក្តីថ្លែងការណ៍បន្តថា "អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានលើកសរសើរម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះកិច្ចចរចារវាងកម្ពុជា-ថៃ និងជាប្រធានប្ដូរវេនអាស៊ានបច្ចុប្បន្ន ក៏ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៃស្ថានភាពនេះ"។
សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចជានិច្ចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពទាំងឡាយនៅក្នុងតំបន់៕