ក្រុមអ្នកពន្លត់អគ្គិភ័យបន្តប្រឹងប្រែងយ៉ាងសស្រាក់សស្រាំកាលពីថ្ងៃចន្ទ (២៨ កក្កដា) ដើម្បីពន្លត់ចំហេះព្រៃដែលកំពុងរីករាលដាលនៅខេត្តចំនួន៣ ដាច់ដោយឡែកពីគ្នានៃប្រទេសទួរគី នៅប្រទេសក្រិក និងនៅជិតរមណីយដ្ឋានទេសចរណ៍មួយក្នុងប្រទេសអាល់បានី ព្រមទាំងនៅប្រទេសប៊ុលហ្គារី ដែលជំរុញដោយខ្យល់បក់ខ្លាំង បន្ទាប់ពីកម្ដៅដ៏ក្ដៅគគុកជាច្រើនថ្ងៃទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ។

ផ្សែងខ្មួលខ្មាញ់បានហុយពេញខេត្តតំបន់ភ្នំ Karabuk នៃសមុទ្រខ្មៅ ចម្ងាយ ២០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីអង់ការ៉ារបស់ទួរគី ខណៈចំហេះដែលឆាបឆេះអស់ពេល ៦ថ្ងៃ បានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សិបភូមិ និងដុតបំផ្លាញព្រៃឈើ។ ខេត្តភាគពាយ័ព្យ Bursa ក៏មើលឃើញចំហេះ ខណៈបន្ទាប់ពីការជម្លៀសមនុស្សជាង ៣.៦០០នាក់ ពីខេត្តភាគខាងត្បូង Mersin និង Antalya។
នៅប្រទេសក្រិកវិញ កងពន្លត់អគ្គិភ័យនិយាយថា យ៉ាងហោចណាស់ចំហេះ ២៤កន្លែងបានផ្ទុះឡើងនៅក្រិក ក្នុងពេល ២៤ម៉ោងចុងក្រោយនោះ។ នៅកោះ Kythera ភាគខាងត្បូងក្រិក ខ្យល់បក់ខ្លាំងបានបញ្ឆេះចំហេះឡើងវិញចាប់តាំងពីថ្ងៃសៅរ៍មក ហើយនៅរដ្ឋធានីអាតែន មន្រ្តីបានពន្លត់អណ្ដាតភ្លើងយ៉ាងលឿនដែលឆាបឆេះក្បែរបរិវេណសាកលវិទ្យាល័យ និងជាយក្រុងដែលមានប្រជាជនរស់នៅច្រើន។
ចំណែកនៅប្រទេសអាល់បានី កងពន្លត់អគ្គិភ័យជាង ៩០០នាក់អមដោយកងទ័ព បានខិតខំគ្រប់គ្រងចំហេះ មុនពេលរាលដាលដល់ទីក្រុងមាត់សមុទ្រ Saranda និងរមណីយដ្ឋានទេសចរណ៍ផ្សេងទៀតនៅភាគខាងត្បូងប្រទេស លើឆ្នេរសមុទ្រអាយអូណាន។ នៅប៊ុលហ្គារី ដែលត្រូវបានជួយដោយបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានដាក់ពង្រាយយន្តហោះពន្លត់អគ្គិភ័យ ដើម្បីជួយទប់ស្កាត់ចំហេះព្រៃដ៏ធំជិតព្រំដែនប៊ុលហ្គារី-ទួរគី៕


