រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចេញការគំរាមជាថ្មីកាលពីថ្ងៃចន្ទ (២៨ កក្កដា) ថានឹងតាមកម្ទេចឬសគល់ក្រុមហាម៉ាស ដោយបង្កើនការវាយប្រហារកាន់តែខ្លាំងមិនបន្ធូរដៃនៅតំបន់ហ្កាហ្សា ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះបរាជ័យក្នុងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។

ថ្លែងក្នុងពិធីមួយក្នុងទីក្រុង Holon ក្បែរក្រុង Tel Aviv លោក Katz បាននិយាយថា៖ «ប្រសិនបើក្រុមហាម៉ាស មិនព្រមដោះលែងចំណាប់ថ្នូរទេ នឹងមានការវាយប្រហារកាន់តែខ្លាំងក្លាថែមទៀតនៅហ្កាហ្សា»។ ប្រមុខការពារជាតិរូបនេះបន្តថា៖ នេះជាសង្រ្គាមដ៏ស្មុគស្មាញ ហួសពីអ្វីដែលកើតឡើងកាលពីអតីតកាល ហើយយោធាកំពុងខិតជិតដល់ដំណាក់កាលដាច់ណាត់ ដោយនោះជាការទទួលខុសត្រូវនៃថ្នាក់ដឹកនាំទាំងមូល មិនមែនស្រេចលើនរណាម្នាក់ទេ។
ក្រុមហាម៉ាស បានស្នើម្តងហើយម្តងទៀតក្នុងការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទាំងអស់ដោះដូរនឹងការបញ្ចប់សង្រ្គាម ការដកទ័ពអ៊ីស្រាអែល និងការដោះលែងអ្នកទោសប៉ាឡេស្ទីន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំទាស់នឹងលក្ខខណ្ឌបែបនេះ ជំនួសមកវិញដោយអំពាវនាវឱ្យក្រុមប្រឆាំងប៉ាឡេស្ទីនមួយនេះទម្លាក់អាវុធ និងបានបង្ហើបផែនការដណ្តើមកាន់កាប់តំបន់ហ្កាហ្សាឡើងវិញ។
អ៊ីស្រាអែលប៉ាន់ប្រមាណថា ចំណាប់ថ្នូរ ៥៨នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា ដោយក្នុងនោះមានមនុស្ស ២០នាក់ត្រូវគេជឿថានៅមានជីវិត។ ទន្ទឹមនឹងនេះ ជនជាតិប៉ាឡេស្ទីនជាង ១០,១០០នាក់ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ក្រោមលក្ខខណ្ឌដ៏លំបាកវេទនាជាច្រើន៕


