ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តមបានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។
ឯកឧត្តមបានថ្លែងថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង ០០:០០ យប់មិញរហូតមកដល់បច្ចុប្បន្នប្រកបដោយភាពអត់ធ្មត់ យើងច្រានចោលការលើកឡើងរបស់កងទ័ពជើងគោកថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជានឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមថ្លែងថា «ព្រឹកមិញខ្ញុំក៏បានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់»។
បើតាមប្រមុខការពារជាតិកម្ពុជា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួងការពារជាតិកម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោងតាមសេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕